ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់២នាក់ របួសធ្ងន់២នាក់ដោយគ្រោះថ្នាក់ចរាចរថ្ងៃចុងសប្តាហ៍នៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល៖ ទោះជាមានការផ្សព្វផ្សាយពីច្បាប់ចរាចរដើម្បីឲ្យអ្នកធ្វើដំណើរលើផ្លូវជាតិអនុវត្ត និងគោរពច្បាប់ចរាចរឲ្យបានគ្រប់ៗគ្នាយ៉ាងណាក៍ដោយ បញ្ហាគ្រោះថ្នាក់ចរាចរនៅតែកើតមានជារៀងរាល់ថ្ងៃ កត្តាបង្កឲ្យមានគ្រោះថ្នាក់គឺកត្តាមនុស្សដែលជាអ្នកបញ្ជាយានយន្ត ពោលគឺបើកបរមិនប្រយ័ត្ន បើកបរក្នុងស្ថានភាពស្រវិង បើកបរមិនគោរពតាមគន្លងផ្លូវ ពិសេសបើកបរលើសល្បឿងកំណត់ ។

ជាក់ស្តែងរយៈពេល២ថ្ងៃចុងសប្តាហ៍ ថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ កើតមានគ្រោះថ្នាក់ចរាចរ២ករណីផ្សេងគ្នា បណ្តាលឲ្យស្លាប់២នាក់របួសធ្ងន់ស្រាល២នាក់ ដែលករណីទាំង២នេះកើតឡើងដោយសារកត្តាមនុស្សទាំងអស់ នេះបើយោងតាមការបញ្ជាក់របស់នគរបាលចរាចរស្រុកកៀនស្វាយ ។

ករណីទី១ : នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចររវាងរថយន្តបុកជាមួយអ្នកជិះម៉ូតូបណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់នៅកន្លែងកើតហេតុ នៅចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ ភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀន ស្វាយ ខេត្តកណ្តាល ចំណែករថយន្តធ្លាក់ចេញពីផ្លូវ ហើយអ្នកបើកបរគេចខ្លួនបាត់ ។

ករណីទី២ : នៅវេលាម៉ោង២និង១០ទីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរមួយទៀតរវាងម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង នៅចំនុចលើផ្លូវជាតិលេខ១ មុខផ្លូវចូលកំពង់ដផ្លូវត្រី-ក្តាបន្ទះ ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ បណ្តាលយុវជនម្នាក់ស្លាប់នៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ មួង ស៊ីថុល ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិស្វាយ ឃុំកំពង់សឹង ស្រុកព្រះស្តេច ព្រៃវែង ជិះម៉ូតូសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង១សេ៦៨១៨ ។

អ្នករងរបួសធ្ងន់ទាំង២នាក់ មានឈ្មោះ អៀង ធារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅស្រុកស្នួល ខេត្តក្រចេះ និងម្នាក់ទៀតមានឈ្មោះ ព្រំទិត ភេទប្រុស អាយុ២៣ឆ្នាំនៅខេត្តកំពង់ស្ពឺ ជិះម៉ូតូ ម៉ាកស្កូពី ពណ៍ក្រហម ពាក្យស្លាកលេខ ភ្នំពេញ ១សេអឹម ៨២៨៣ ជនរងគ្រោះទាំង២នាក់ធ្វើការនៅកំពង់ផែស្វ័យតភ្នំពេញមានទីតាំងនៅក្នុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ។

ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់នេះ លោកព្រំ សំណាង អធិការរងនគរបាលស្រុកកៀនស្វាយទទួលការងារសណ្តាប់ធ្នាប់ចរាចរបានឲ្យដឹងថា រយៈពេល១ខែកក្កដានេះគ្រោះថ្នាក់ចរាចរហាក់ដូចជាមានការកើនឡើងបន្តិចជាងខែកន្លងទៅ កត្តាដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរគឺកត្តាមនុស្សតែម្តងដែលជាអ្នកបញ្ជាយានយន្ត និយាយរួមគឺបើកបរមិនគោរពច្បាប់ចរាចរ ភាគច្រើនបើកលើសល្បឿនកំណត់ បើកប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ បើកបរក្នុងស្ថានភាពស្រវឹង ។ ក្នុងនាមសមត្ថកិច្ចនគរបាលចរាចរសូមអំពាវនាវដល់អ្នកប្រើប្រាស់ទ្រូងផ្លូវទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរឲ្យបានគ្រប់ៗគ្នាទើបបញ្ជៀសបានពីគ្រោះថ្នាក់ចរាចរ ព្រោះជីវិតមនុស្សយើងម្នាក់ៗមានតម្លៃណាស់មិនមានដាក់លក់នៅតាមទីផ្សានោះទេ ៕ សណ្តោស


ចែករំលែក៖