ខេត្តរៀមរាប៖ ក្នុងគម្រោងសិក្សាស្រាវជ្រាវស្វែងយល់ពីមន្ទីរពេទ្យកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ អ្នកស្រាវជ្រាវបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា និងមហាវិទ្យាល័យបច្ចេកវិទ្យា វិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី បានប្រទះឃើញបដិមាដ៏ធំមួយ ដែលសន្និដ្ឋានជាបឋមថា ជាទ្វារបាល, ដែលគេប្រទះឃើញ នៅមន្ទីរពេទ្យទន្លេស្ងួត ខាងជើងក្រុងអង្គរធំ ប្រហែល១គីឡូម៉ែត្រ កាលពីថ្ងៃទី៣០ កក្កដា ។
អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា តាមការវាស់វែងបដិមានេះ មានកម្ពស់១,៩០ម៉ែត្រ និងស្មារទទឹងប្រវែង ០,៥៨ម៉ែត្រ ក្នុងរចនាបថបាយ័ន។ បដិមានេះ កំបុតដៃទាំងពីរ ត្រឹមស្មារ កំបុតជើងស្តាំត្រឹមក-ជើង និងជើងឆ្វេងត្រឹមគល់ភ្លៅ។ រីឯដងខ្លួន និងព្រះកេស នៅមានក្បាច់ចម្លាក់សម្លៀកបំពាក់ និងក្បាំងសក់នៅស្អាតទាំងអស់។ ហើយបដិមានេះ កប់ក្នុងដីជម្រៅប្រមាណត្រឹម៤តឹកប៉ុណ្ណោះ ខណៈដែលអ្នកស្រាវជ្រាវធ្វើកំណាយរកឃើញ ដោយដេកផ្ងារពោះបែរព្រះកេសទៅទិសខាងលិច ទៅព្រះវិហារនៃមន្ទីរពេទ្យ។
ជាមួយគ្នា លោក ខៀន ច័ន្ទ មន្ត្រីជំនាញផ្នែកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា នៅការដ្ឋានកំណាយនេះ បានបញ្ជាក់ថា វាជាការប្រទះដោយចៃដន្យ ក្នុងពេលដែលក្រុមការងារធ្វើកំណាយ ដើម្បីសិក្សាអំពីទំនាក់ទំនងរវាងប្រឡាយមុខមន្ទីរពេទ្យ និងរចនាសម្ព័ន្ធនៃមន្ទីរពេទ្យទន្លេស្ងួត។ ហើយការប្រទះឃើញចម្លាក់ដ៏ធំនេះ ក៏ចាត់ថា ជាសំណាងល្អមួយ ដែលអាចឲ្យយើងយកទៅរក្សាទុកក្នុងទីកន្លែងសមរម្យ ដើម្បីងាយស្រួលសម្រាប់អ្នកស្រាវជ្រាវ សិក្សាលម្អិតបន្ថែមទៀត។
លោកថា អ្នកជំនាញបានធ្វើកំណត់ត្រាពីបដិមានេះ នឹងត្រូវយកទៅតម្កល់ទុកក្នុងសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ដើម្បីរក្សាសុវត្ថិភាព សម្អាតដុសលាង ព្យាបាលផ្នែកខ្លះ ជាពិសេស គឺការយកជាតិអំបិលចេញ ដើម្បីកុំឲ្យមានការខូចគុណភាពថ្ម ឬរងប្រតិកម្មនៅពេលដែលចម្លាក់ ត្រូវដាក់តាំងក្នុងលំហបរិយាសថ្មី។ លើសពីនេះ បដិមានឹងត្រូវដាក់តាំងបង្ហាញសម្រាប់ភ្ញៀវទេសចរបានចូលទស្សនាថែមទៀតផង។
តាមការសន្និដ្ឋាន បដិមាដ៏ធំមួយនេះ ស្ថិតក្នុងរចនាបថបាយ័ន និងអាចជាទ្វារបាល នៃមន្ទីរពេទ្យនេះផ្ទាល់តែម្តង មិនមែនមកពីកន្លែងផ្សេងនោះទេ។ បើទោះជាយ៉ាងណាលោក ខៀន ច័ន្ទ មិនទាន់អាចបញ្ជាក់អំពីការតាំងរូបរបៀបនេះ មាននៅក្នុងមន្ទីរពេទ្យបុរាណទាំងអស់ ឬយ៉ាងណានោះទេ គឺស្ថិតក្នុងការសិក្សាស្រាវជ្រាវនៅឡើយ។ ចំពោះការរៀបចំរដ្ឋបាល នៃមន្ទីរពេទ្យបុរាណវិញ តាមសិលាចារឹកដែលអ្នកស្រាវជ្រាវបានរកឃើញ គឺដូចគ្នាទាំងអស់គ្រប់មន្ទីរពេទ្យ ដូចជា៖ ការកំណត់ចំនួនគ្រូពេទ្យ តម្រូវការសម្រាប់មន្ទីរពេទ្យ និងការផ្គត់ផ្គង់ថ្នាំជាដើម។
សូមបញ្ជាក់ថា គម្រោងស្រាវជ្រាវមន្ទីរពេទ្យទន្លេស្ងួត ក្នុងជំហានទី១ ដែលផ្តោតលើការសិក្សាអំពីផ្នែកខាងមុខនៃមន្ទីរពេទ្យ ដែលមានទំនាក់ទំនងរវាងប្រឡាយមុខមន្ទីរពេទ្យ និងខឿននៃមន្ទីរពេទ្យ គឺចាប់ផ្តើមពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។ ក្រោយបញ្ចប់គម្រោងនេះ អ្នកស្រាវជ្រាវនឹងបន្តគម្រោងថ្មីៗទៀត ដែលនឹងសិក្សាអំពីទីតាំងសំខាន់ៗ នៃអាគារមន្ទីរពេទ្យ ដែលសង់ពីឈើបានខូចខាតបាត់ស្លាកស្នាមអស់ ហើយបើអាចក្រុមស្រាវជ្រាវមានបំណងស្វែងរកទីតាំងចោលសំណាកថ្នាំ ដែលប្រើប្រាស់រួច ដើម្បីយកសំណាកទាំងនោះទៅសិក្សាអំពីការផ្សំថ្នាំសម័យបុរាណ៕
រូបថត៖ អាជ្ញាធរអប្សរា នាយកដ្ឋានផ្សព្វផ្សាយ