ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យមានជំងឺប្រកាច់ធ្លាក់ចូលទឹកប្រឡាយលង់ស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសម្នាក់ត្រូវបានក្មេងៗឃ្វាលក្របីប្រទះឃើញធ្លាក់ចូលទឹកប្រឡាយឈ្លក់ទឹកលង់ស្លាប់ បង្កមានការ​ភ្ញាក់ផ្អើល និងឆោឡោ​ឡើងនិងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង៩និង៩នាទីព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រៃទប់​ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ សួស ជាតិអាយុ៣៤ឆ្នាំ រមុខរបរ កសិករមានទីលំនៅភូមិសង្កាត់ខាងលើក្បែកន្លែងកើតហេតុ។

តាមអ្នកភូមិបានឲ្យដឹងថា បុរសខាងលើនេះ គឺមានជំងឺប្រចាំកាយ(ឆ្កួតជ្រូក) យូរឆ្នាំមកហើយ ខណៈក្រុមគ្រួសារបានយកទៅព្យាបាលនៅមន្ទីរពេទ្យដោយគ្រូពេទ្យឲ្យថ្នាំផឹកជាប្រចាំផងដែរ។

ប្រភពបន្តថា មុនកើតហេតុគេឃើញបុរសខាងលើបានយកសត្វគោទៅចងគោ ឲ្យវាស៊ីស្មៅដូចសព្វដងនៅវាលស្រែ ស្រាប់តែនៅម៉ោង៩ព្រឹក ក្មេងៗឃ្វាលក្របីប្រទះឃើញស្លាប់ក្នុងទឹកប្រឡាយបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជានគរបាលជំនាញ និងគ្រូពេទ្យមកពិនិត្យសាកសពខ្លាចក្រែងជារឿងឃាដកម្ម។

បន្ទាប់ពីពិនិត្យសាកសព និងមានការអះអាងរបស់ក្រុមគ្រួសារថាជនរងគ្រោះមានជំងឺប្រចាំកាយឆ្កួតជ្រូកប្រកាច់ជាប្រចាំណាមួយមិនមានស្នាមសម្គាល់ជាករណីឃាតកម្មនោះទេ ទើបសមត្ថកិច្ចក៏ប្រគល់សពទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖