ភ្នំពេញ៖ ប្រភពព័ត៌មានមួយបង្ហើបឲ្យដឹងថា នៅមានមេធាវីជាច្រើនរូបទៀត គ្រោងចូលជាភាគីបន្ថែមចំពោះបណ្តឹងប្តឹងលោក វ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានបង្ហោះសារតាមហ្វេសប៊ុក ហើយក្រុមមេធាវីដ៏ច្រើនលើសលប់ ចាត់ទុកថា បានប្រមាថមេធាវីជាសត្វគោ ។
លោកមេធាវី លី ច័ន្ទតុលា តំណាងសមាជិកសមាជិកាមេធាវី៦១រូប ថ្លែងថា កញ្ញា វ៉ា សក្តា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះអញ្ជើញដើមបណ្ដឹងចូលបំភ្លឺនៅព្រឹកថ្ងៃទី១៧ ខែសីហា ខាងមុខនេះ ។ ដោយឡែកភាគីលោក វ៉ាន់ ពុទ្ធិពល ត្រូវបានតុលាការកោះហៅចូលបំភ្លឺនៅរសៀលថ្ងៃទី១៧ ខែសីហា ។
លោកមេធាវី លី ច័ន្ទតុលា បន្តថា រហូតមកទល់ពេលនេះ ក្រុមមេធាវីនៅតែតាមនីតិវិធីតុលាការបន្តទៀត ដោយគ្មានការដកថយណាមួយឡើយ ។
ថ្មីៗនេះ កិច្ចប្រជុំរវាងលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានពន្ធដារ និង គណៈមេធាវី គឺ បានសម្រេចនូវផ្លែផ្កាមួយចំនួន ដូចជា អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារការចេញលិខិតអញ្ជើញការិយាល័យមេធាវី មកចុះបញ្ជីពន្ធនៅគ្រប់សាខាពន្ធដារទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយអគ្គនាយកដ្ឋានពន្ធដារនិងគណៈមេធាវី បានឯកភាពគ្នាចាត់ទុកវិវាទលោក វ៉ាន់ ពុទ្ធិពល ជាវិវាទបុគ្គលផ្ទាល់ ដោយស្នើសុំឲ្យភាគីទាំងពីរបញ្ចប់វិវាទដោយសន្តិវិធី និង យោគយល់គ្នាក្នុងកម្រិតខ្ពស់បំផុត ។
កិច្ចប្រជុំកាលពីថ្ងៃទី៧ ខែសីហា គឺ ភាគីអគ្គនាយកដ្ឋានពន្ធដារ រួមមានលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានពន្ធដារ និង សហការី ។ ចំណែកខាងគណៈមេធាវី រួមមាន លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី លោកមេធាវី យឹម សារី អ្នកនាំពាក្យគណៈមេធាវី និង លោកមេធាវី លីវ សុវណ្ណា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ។
គួររំលឹកថា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ សមាជិក សមាជិកាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (BAKC) ចំនួន៦១នាក់ បានចុះហត្ថលេខារួមគ្នាដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោក វ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីបទជេរប្រមាថជាសាធារណៈ ប្រព្រឹត្តនាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នៅរាជធានីភ្នំពេញ តាមបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ។
លោកមេធាវី លី ច័ន្ទតុលា តំណាងឲ្យសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានប្ដឹងលោក វ៉ាន់ ពុទ្ធិពល អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាមទារឲ្យផ្តន្ទាទោស តាមបទបញ្ញាត្តិមាត្រា៣០៧ ចំណុចទី៣ និងមាត្រា៣១០ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងទាមទារឲ្យសងជំងឺចិត្តចំនួន ៤០លានរៀល ទៅកាន់សមាជិកម្នាក់ៗ នៃគណៈមេធាវីកម្ពុជា។
យោងតាមពាក្យបណ្ដឹងរបស់លោកមេធាវី លី ច័ន្ទតុលា ឲ្យដឹងថាកាលពីថ្ងៃទី០៣ ខែសីហា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបើកសិក្ខាសាលាក្រោមប្រធានបទ «កាតព្វកិច្ចបង់ពន្ធ» ។ នៅក្នុងសិក្ខាសាលានោះលោក វ៉ាន់ ពុទ្ធិពល ដែលជាវាគ្មិន បានប្រើសម្ដីមិនសមរម្យ បណ្ដាលឲ្យសិក្ខាកាម ដែលជាមេធាវី មិនពេញចិត្ត នឹងបានជជែកខ្វែងគំនិតគ្នា។
នៅល្ងាចថ្ងៃខែដដែល ក្រោយមានការខ្វែងគំនិតគ្នា លោក វ៉ាន់ ពុទ្ធិពល បានបង្ហោះសារនៅលើគណីហ្វេសប៊ុកដែលមានខ្លឹមសារថា« ថ្ងៃនេះថ្នាក់លើប្រើឲ្យទៅប្រមូលគោបញ្ចូលក្រោលដើម្បីថែរក្សាឲ្យ គត់មត់ ។ គោមួយចំនួនធំបានចូលក្រោលត្រឹមត្រូវ វៀរលែងតែអាពាល អាត្នោត និងអាទែក វាធ្លាប់តែនៅធ្វើព្យុះធ្វើភ្លៀងខាងក្រៅ ដើរជាន់ដំណាំ ស៊ីដំណាំអ្នកស្រុក កៀចមិនព្រមចូលក្រោល ។ មិនត្រឹមតែកៀច វាចង់ជល់ហើយធាក់ខ្ញុំទៀត ។ សុំសួរប្រិយមិត្ត តើអា៣ក្បាលហ្នឹងសមនឹងចាក់កន្លុះឲ្យតឹង ហើយសំពងនឹងទំពក់រនាស់ឲ្យបាក់លោងទេ ? សើច ! »។
សារ ខាងលើនេះ ត្រូវបានសមាជិកគណៈមេធាវីកម្ពុជា ចាត់ទុកថា ជាការចំអកឡកឡឺយ ក្រោមរូបភាពជេរប្រមាថ ដែលសមាជិកគណៈមេធាវីកម្ពុជា ចំនួន៦១រូបបានចុះ ហត្ថលេខាប្ដឹង លោក វ៉ាន់ ពុទ្ធិពល ពីបទជេប្រមាថជាសាធារណៈ និងទាមទាសំណងម្នាក់៤០លានរៀល។
ដោយឡែកជុំវិញបញ្ហាខាងលើនេះ លោក វ៉ាន់ ពុទ្ធិពល បានចេញមកបដិសេធ និងអះអាងថា ជាការយល់ច្រឡំប៉ុណ្ណោះ អត្ថន័យរបស់លោកសរសេរលើ Facebook មិនសំដៅលើមេធាវីឡើយ ប៉ុន្តែបើពាក្យពេចន៍ដែលលោកបានសរសេរនោះ ប៉ះពាល់ដល់មេធាវីគ្រប់រូបឲ្យលោកសុំទោស។ លោកបានលើកឡើងទៀតថា ពាក្យពេចន៍របស់លោកសរសេរ គឺជាពាក្យលេងសើច ចំពោះមន្ត្រីកូនចៅរបស់លោកប៉ុណ្ណោះ ដែលមានកូនចៅរបស់លោកខ្លះ បំពេញការងារមិនបានល្អ ហើយពួកគេស្គាល់ និងគោរពលោកចំពោះការលេងសើចទាំងនោះ៕ ចេស្តា