ភ្នំពេញ៖ បុរសម្នាក់គេចខ្លួនត្រូវបាន កម្លាំងនគរបាលខណ្ឌ៧មករា ឃាត់ខ្លួន ចាប់ខ្លួនបន្ទាប់ពីក្រុមគ្រួសារនារីរងគ្រោះ ចោទប្រកាន់ពីបទ រំលោភសេពសន្ធវៈ មិនបានសម្រេច។
ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១១៨ ជាន់ទី១ ផ្លូវលេខ២៤២កែង១៦៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ជួន ចាន់រី ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរជាអង្គរក្ស មានលំនៅ ផ្ទះលេខ៥cផ្លូវទី៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នារីរងគ្រោះឈ្មោះ ដ រ ល ភេទស្រី៣៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅរាជធានីភ្នំពេញ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យចំពោះមុខនគរបាល បានឲ្យដឹងថា ខ្លួនមិនបានប្រព្រឹត្តអំពើរំលោភសេពសន្ធវៈ បែបនេះទេ ដោយកាលនោះ ផ្ទះរបស់នារីខាងលើត្រូវជាបងស្រីរបស់សង្សាររបស់រូបគេ(ជនសង្ស័យ) រួចហើយក៏រូបគេ បានឃើញនារី ដេកនៅក្នុងបន្ទប់ ខណៈនោះនារីរងគ្រោះ ក៏ស្រែកចោទប្រកាន់ថា ប៉ុងប៉ងចាប់រំលោភសេពសន្ធវៈតែម្ដង។ ក្រោយមក នារីរងគ្រោះក៏បានដាក់ពាក្យបណ្ដឹង ហើយក៏ត្រូវបាននគរបាលខណ្ឌ៧មករាឃាត់ខ្លួន។
ប្រភពបន្តពីនារីរងគ្រោះខាងលើបានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុខាងលើ ជនសង្ស័យដែលជាសង្សាររបស់ប្អូនស្រីគាត់ ដោយតែងតែមកផ្ទះរបស់គាត់រហូត លុះមកម៉ោងកើតហេតុខាងលើ ជនសង្ស័យបានឡើងមកលើផ្ទះរបស់គាត់ ហើយបានចូលទៅមុជទឹក បន្ទាប់មកក៏បានទៅយកបៀរយ៉ាមួយកំប៉ុងមកផឹកហើយខ្ញុំ(ជនរងគ្រោះ)ក៏បានធ្វើពុតជាទៅដេកក្នុងបន្ទប់របស់ខ្លួន មួយសន្ទុះក្រោយមក ស្រាប់តែជនសង្ស័យបានបើកទ្វារបន្ទប់ ហើយលោតមកឱបរូបនាង ភ្លាមៗនោះ នាងបានរើបម្រាស់ រត់ចេញមកខាងក្រៅ ស្រែកឲ្យគេជួយ និងតេទូរស័ព្ទទៅលោកអធិការខណ្ឌ៧មករា ឲ្យជួយអន្តរាគមន៍ដើម្បីចាប់ខ្លួនជនសង្ស័យបានភ្លាមៗ។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យខាងលើរួចមកក៏បានធ្វើតេស្តទឹកនោមរកសារធាតុញៀនឃើញថា ជនសង្ស័យពិតជាមានសារធាញៀនក្នុងខ្លួនពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌ៧មករានាំមកឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ត៕ ស រស្មី