ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់៣២នាក់ដោយអំពើហិង្សា ក្រោយការប្រកាសដាក់ទោសមេដឹកនាសាសនានៅឥណ្ឌា

ចែករំលែក៖

សាសនិកជាច្រើនបានវាយប្រហារកម្ទេចរថយន្ត ក្រោយពេលមេដឹកនាំសាសនា(អាចារ្យ)របស់ខ្លួនឈ្មោះ RamRahim Singh ត្រូវកាត់ទោសពីបទរំលោភបំពានផ្លូវភេទកាលពីថ្ងៃទី២៥ ខែសីហា។

យ៉ាងហោចណាស់ក៏មានមនុស្ស៣២នាក់ស្លាប់ និង១៨០នាក់រងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅរដ្ឋ Haryana ភាគខាងជើងប្រទេសឥណ្ឌា ដោយសារតែអាចារ្យ Ram Hahim singh ត្រូវកាត់ទោសពីបទរំលោភបំពាន់ផ្លូវភេទ។

លោក Ram Hahim singh ត្រូវកាន់ទោសរំលោភសាសនិក២នាក់ នៅទីស្នាក់ការ សាសនា Dera Sacha Sauda កាលពីឆ្នាំ២០០២។ តាមសារព័ត៌មាន AFP លោក Ram Hahim singh មានអាយុ៥០ឆ្នាំ ឡើងដឹកនាំសាសនា តាំងពីអាយុ២៣ឆ្នាំ ដោយបានប្រកាសថា មានសាសនិករាប់លាននាក់។

មុនពេលមេដឹកនាំសាសនាខាងលើត្រូវបានតុលាការកាត់ទោសពីបទរំលោភបំពានផ្លូវភេទ សាសនិកប្រមាណ២សែននាក់ ប្រមូលផ្តុំគ្នានៅមុខតុលាការទីក្រុង Panchkula។ នៅពេលតុលាការប្រកាសសាលក្រម សាសនិកបានស្រែកអះអាងថា មេដឹកនាំសាសនាខាលើមិនមានទោសឡើយ។ សាសនិកបង្ហាញការខឹងសម្បាយ៉ាងខ្លាំង រួចគប់ដុំថ្ម បំផ្លាញរថយន្ត និងវាយប្រហារទៅលើកម្លាំងប៉ូលិស។ កម្លាំងទាហានក៏បានចូលរួមទប់ស្កាត់បង្ករឲ្យមានការប៉ះទង្គិចគ្នា យ៉ាងខ្លាំងបណ្តាលឲ្យអ្នកស្លាប់ ដល់ទៅ៣២នាក់ និងរបួសជិត ២០០នាក់។ កម្លាំងប្រឆាំងបាតុកម្មបានបាញ់ឧស្ម័នបង្ហូទឹកភ្នែក និងបាញ់ទឹក បំបែកហ្វូងបាតុកម្ម គ្រប់គ្រងស្ថានភាពមកវិញ។ ប៉ូលិសក៏បានឃាត់ខ្លួន មនុស្ស២.៥០០នាក់ដែលគាំទ្រ លោក Ram Hahim singh ។

ដើម្បីរារាំងការផ្ទុះបាតុកម្មសាជាថ្មី មន្ត្រីក្នុងតំបន់ក៏បានប្រកាសអាសន្ន ដាក់តំបន់ខាលើស្ថិតនៅក្នុងច្បាប់អាសន្ន មិនអនុញ្ញាត្តិឲ្យមានការប្រមូលផ្តុំគ្នានោះឡើយ។ នៅពេលនេះលោក Ram Hahim singh ត្រូវបានចាប់ឃុំខ្លួនរង់ចាំការសម្រេចជាលើកចុងក្រោយនៅថ្ងៃទី២៨ ខែសីហា ខាងមុខ៕ ម៉ែវ សាធី


ចែករំលែក៖