ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋពីរឃុំនៅស្រុកព្រៃកប្បាស និងស្រុកអង្គរបុរីស្នើអាជ្ញាធរខេត្តតាកែវជួយជួសជលផ្លូវលំមួយខ្សែ ដែលកំពុងរងការខូចខាត

ចែករំលែក៖

ខេត្តតាកែវ៖ ផ្លូវលំមួយខ្សែដ៏សំខាន់ប្រវែង៤.៧០០ម៉ែត្រ តភ្ជាប់ពីឃុំកំពែង ស្រុកព្រៃកប្បាស ទៅដល់ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ ដែលជាផ្លូវដឹកកសិផលដ៏សំខាន់សម្រាប់ព្រជាពលរដ្ឋកំពុងរងការខូចខាតធ្ងន់។

យោងតាមសេចក្ដីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋបានឲ្យដឹងថា ផ្លូវលំមួយខ្សែខាងលើ ត្រូវបានជួសជលដោយថវិកាខេត្តជិតមួយឆ្នាំហើយ តែដោយសារតែថវិកាមានកម្រិត ការជួសជលផ្លូវនេះ មិនបានតាមស្ដង់ដានោះទេ និងដោយសារការមមាញឹកក្នុងការដឹកកសិផលរបស់ប្រជាពលរដ្ឋ ទើបផ្លូវលំមួយខ្សែនេះ រងនូវការខូចខាត ដូច្នេះពួកគាត់ស្នើសុំអាជ្ញាធរខេត្តតាកែវ មេត្តាជួយជួសជលបន្ដដើម្បីកុំឲ្យខួចរហូតដល់ថ្នាក់ធ្វើដំណើរលែងកើត។

ក្រុមប្រជាពលរដ្ឋបានបន្ដទៀតថា ផ្លូវលំខាងលើមិនមែនប្រើប្រាស់ តែប្រជាពលរដ្ឋពីរឃុំខាងលើនោះទេ គឺប្រជាពលរដ្ឋទូទាំងខេត្តតាកែវទាំងមូល ដែលបានធ្វើចរាចរណ៍ទៅមកមិនដាច់ ព្រោះផ្លូវលំនេះ អាចធ្វើដំណើររហូតដល់ទីរួមខេត្តតាកែវតែម្ដង ដែលពលរដ្ឋហៅថា ផ្លូវកាត់ចូលខេត្ត។

ជុំវិញការស្នើសុំរបស់ប្រជាពលរដ្ឋខាងលើ លោក អ៊ិត សារ អភិបាលស្រុកព្រៃកប្បាសបានឲ្យដឹងថា ផ្លូវលំមួយខ្សែរខាងលើជាគម្រោងជួសជលរបស់សាលាខេត្ត ព្រោះកន្លងមកផ្លូវនេះមានការលំបាកខ្លាំងណាស់ ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការដឹកកសិផលរបស់ពួកគាត់។

លោកបានបន្ដទៀតថាថ្មីៗនេះផ្លូវខាងលើមានការខូចខាតផ្នែកខ្លះៗមួយចំនួនហើយៗលោកនឹងរាយការណ៍ជូនទៅថ្នាក់ខេត្តដើម្បីសិក្សាតាមសំណូមពររបស់ពួកគាត់។ លោកបានបញ្ជាក់ថែមទៀតថា ការជួសជលផ្លូវមួយខ្សែខាងលើកន្លងមកដោយក្រុមហ៊ុនអមតៈ៕ ភ្នំដា


ចែករំលែក៖