ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ធ្លាក់ពីលើម៉ូតូឌុបបាត់មាត់ក អ្នកឌុបភ័យពេកជិះម៉ូតូគេចបាត់

ចែករំលែក៖

ភ្នំពេញ: នារីម្នាក់ទំនងជានាងមានជំងឺប្រចាំកាយ ហើយខណៈកំពុងជិម៉ូតូដូបសុខៗ ស្រាប់តែប្រកាច់ ធ្លាក់ពីម៉ូតូ ធ្វើឲ្យបុរសជាអ្នកឌុបភ័យស្មានតែនាងសន្លប់ឬបាត់បង់ជីវិតក៏ជិះម៉ូតូចេញពីកន្លែងកើតហេតុគេចខ្លួនបាត់ ហើយករណីនេះធ្វើឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវលេខ២៣០ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពីធ្លាក់ពីលើម៉ូតូនារីបានប្រាប់គេឯងថានាងមានឈ្មោះ ហាក់ ឡានី អាយុជាង២០ឆ្នាំ ស្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយក្រៅពីនេះនាងមិននិយាយស្តីអ្វីទាំងអស់ ។

យ៉ាងណាបើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះខាងលើបានជិះម៉ូតូឌុបជាមួយអ្នករត់ម៉ូតូឌុប ម្នាក់( ម៉ូតូមិនចាំម៉ាក)ដោយនាងជិះពីក្រោយហើយធ្វើដំណើរ តាមបណ្តោយផ្លូវលេខ២៣០ ទិសដៅពីលិចទៅកើត។លុះមកដល់ចំណុចកើតហេតុ មិនដឹងយ៉ាងម៉េចក៏ស្រាប់តែនាងធ្លាក់ពីលើម៉ូតូបាត់មាត់បាត់ក ហើយ ខណ:នោះបុរស ជាអ្នករត់ម៉ូតូឌុបនោះភ័យពេកនឹកស្មានតែនាងសន្លប់ឬបាត់បង់ជីវិតក៏ជិះម៉ូតូគេចខ្លួនបាត់តែម្តង។

ប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានសង្ស័យថា នារីខាងលើអាចមានជំងឺអ្វីម៉្យាងព្រោះមើលទៅទឹកមុខហាក់ស្លេកស្លាំង ហើយមិនមាត់មិនកអីទេ។លុះបានមួយសន្ទុះធំទើបឃើញសាច់ញាតិមកទទួលនាងយកត្រឡប់ទៅវិញ ៕ ប្រាថ្នា


ចែករំលែក៖