ព័ត៌មានទាន់ហេតុការណ៍៖

លួចកាច់ករ៉ឺម៉កម៉ូតូ ម្ចាស់មកទាន់ចាប់បានម្នាក់វាយស្ទើរស្លាប់ ឯម្នាក់ទៀតរត់រួច

ចែករំលែក៖

ភ្នំពេញ: ប្រជាពលរដ្ឋបាននាំគ្នា ត្រួតវាយយ៉ាងចាស់ដៃទៅលើជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ស្ទើរតែស្លាប់បាត់បង់ជីវិត ដែលបានធ្វើសកម្មភាពលួច កាច់កម៉ូតូសណ្តោងរ៉ឺម៉ក របស់គេ ដែលទុកផ្ញើនៅមុខផ្ទះតែត្រូវម្ចាស់រ៉ឺម៉កម៉ូតូមកដល់ទាន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចម្តុំផ្សារទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ម្ចាស់រ៉ឺម៉កម៉ូតូ បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់មានឈ្មោះ ហ្រ្វាំង ម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ បច្ចុប្បន្នស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានយករ៉ឺម៉កម៉ូតូរបស់គាត់ទៅផ្ញើទុកនៅផ្ទះមួយកន្លែងត្រង់ចំណុចកើតហេតុ ហើយបានទៅចូលរួមកម្មពីធីខួបកំណើតរបស់គេ នៅម្តុំមន្ទីរពេទ្យព្រះកុសុមៈ។លុះមកដល់វេលាកើតហេតុ គាត់បានត្រឡប់មកវិញ ក៏បានប្រទះឃើញ ជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីលែតមួយគ្រឿង មិនចាំស្លាកលេខ បានមកធ្វើសកម្មភាពលួច កាច់ករ៉ឺម៉កម៉ូតូ របស់គាត់។ ភ្លាមៗនោះ គាត់ក៏បានរត់ទៅឃាត់ជនសង្ស័យបានម្នាក់ រីឯម្នាក់ទៀត ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលពីកន្លែងតែម្តង។

ចំណែកជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនហើយប្រជាពលរដ្ឋនៅម្តុំកន្លែងកើតហេតុបាន នាំគ្នាស្វាគមន៍យ៉ាងចាស់ដៃ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ស្ទើរតែស្លាប់នៅនឹងកន្លែងតែម្តង។ បន្ទាប់មកទើបឃើញសមត្ថកិច្ចចុះទៅអន្តរាគមន៍ភ្លាមៗ រួច បានទាក់ទងរថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែតឲ្យទៅដឹកយកជនសង្ស័យទៅ សង្គ្រោះបន្ទាន់។ ចំណែកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែដើម្បីចាត់ការតាមនីតិវីធី ៕ អរុណរះ


ចែករំលែក៖