ភ្នំពេញ៖ ក្រោយពីបញ្ចប់ការបេសកកម្ម ស្វែងរកមេដាយនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ប្រភេទកីឡាប៉េតង់របស់កម្ពុជា ពិសសេសថ្នាក់ដឹកនាំ បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ព្រោះមិនដូចបំណង ដែលពួកគាត់បានប៉ងទុក ចាប់តាំងពីចប់ការប្រកួតស៊ីហ្គេមលើកទី២៨ នៅប្រទេសសិង្ហបុរី ឆ្នាំ២០១៥ មកម្ល៉េះ។ នេះបើតាមការឲ្យដឹងពីលោក អឹង គឹមស្រ៊ុន អគ្គលេខាធិការ សហព័ន្ធកីឡាប៉េតង់កម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។
លោក អឹង គឹមស្រ៊ុន បានមានប្រសាសន៍ថា ចំពោះការប្រកួតកីឡាប៉េតង់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ី ហាក់ខុសប្លែងពីការប្រកួតកីឡាហ្គេមនានាៗ ពិសេសប្រទេសដែលតែងតែលេងកីឡាប៉េតង់ខ្សោយ ផ្ទុយទៅវិញឆ្នាំនេះ ពួកគេលេងបានល្អណាស់។ សូម្បីតែអត្តពលិកថៃ ក៏ធ្លាក់ចំនួនមេដាយប្រភេទកីឡាប៉េតង់នេះដែរ ។
លោកបានបន្តថា មូលហេតុដែល នាំឲ្យអត្តពលិកជួបការលំបាកក្នុងការប្រកួតដណ្តើមយកមេដាយស៊ីហ្គេមឆ្នាំនេះ ដោយសារតែ ម្ចាស់ម៉ាឡេស៊ី បានកសាងទីលានស្តង់ដាពិភពលោក គឺទីលាននោះ សងពីប៉េតុងក្រាលកៅស៊ូ រួចបានបាចកូនថ្មពីលើ គឺករណីដែលនាំឲ្យកីឡាករកម្ពុជា ពិបាក់ចូលប៉ូល ដោយឡែក ម្ចាស់ផ្ទះម៉ាឡេស៊ី គេបានហាត់សមរយៈពេលយូរទើបមានឱកាសដណ្តើមយកមេដាយមាសចំនួន២គ្រឿង រីឯអត្តពលិកកម្ពុជា ទទួលបានមេដាយ មាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធិ៣គ្រឿងប៉ុណ្ណោះ។
លោកអគ្គលេខាធិការបានបញ្ជាក់ថា ឆ្នាំនេះយើងលេងនៅប្រទេសម៉ាឡេស៊ី រីឯ២ឆ្នាំក្រោយ ប្រទេសហ្វីលីពីន ធ្វើម្ចាស់ផ្ទះវិញម្តង ដូច្នេះចាប់ពីពេលនេះ តទៅសហព័ន្ធនឹងរៀបចំផែនការ ត្រៀមលក្ខណៈឲ្យបានល្អ ដូចជា ទី១-កសាងទីលានខ្នាតអន្តរជាតិ ទី២-រៀបចំពង្រឹងកីឡាករកីឡាការិនីវ័យក្មេង ធ្វើយ៉ាងរៀបឲ្យមានទម្រងវាយ ទៅតាមប្រភេទដីរបស់ប្រទេសយើង ទី៣-យើងត្រូវធ្វើទីលាន ស្តងដាកម្រិតពិភពលោក ទី៤-ត្រូវប្តូទម្រូងវាយ ទាំងការហ្វឹកហាត់និងមុនចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ពិសេសកីឡាស៊ីហ្គមឆ្នាំ២០១៩នៅហ្វីលីពីន៕ សារីម