ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់ទឹកភ្លៀងជន់លិចហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែងនៅក្នុងស្រុកស្ទោង

ចែករំលែក៖

ខេត្តកំពង់ធំ៖ បើគិតមកដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ជំនន់ទឹកភ្លៀងបានធ្វើឲ្យភូមិសាស្ត្រឃុំចំនួន៤ នៅក្នុងស្រុកស្ទោងរងការលិចលង់ដោយសារទឹកជំនន់ទឺកភ្លៀង ប៉ះពាលដល់ ឃុំបន្ទាយស្ទោង ឃុំរុងរឿង ឃុំទ្រា ឃុំត្បែង និងឃុំកំពង់ចិនជើង បណ្តាលឲ្យលិចលង់ ផ្លូវលំ ទីធ្លាសាលារៀន ផ្ទះសំបែង អស់មួយចំនួនធំ​ និងបានជន់កំណាត់ផ្លូវជាតិលេខ០៦ជាង ៣០០ម៉ែត្រ។

លោក សៀង ម៉ាប់ អភិបាលរងស្រុកស្ទោង បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា បន្ទាប់ពី មានភ្លៀងធ្លាក់ផ្ទួនៗគ្នាចំនួនបួនថ្ងៃ រួចមក ធ្វើឲ្យមានជំនន់ទឹកភ្លៀង លិចកំណាត់ ផ្លូវលំ សាលារៀន ផ្ទះប្រជាពលរដ្ឋ និង ជន់លិចសាលារៀនវិទ្យាល័យរស្មីសោភ័ណ្ឌ ព្រមកំណាត់ផ្លូវជាតិលេខ០៦ ក្បែរទីប្រជុំជនស្រុកស្តោង រហូតមកដល់រសៀលថ្ងៃទី០១ខែកញ្ញាឆ្នាំ២០១៧នេះទឹកជំនន់នៅបន្តឡើងជាង១តឹកទៀត ដូច្នេះយើងមានវិធានការ ចំនួន២ដើម្បី​បញ្ចៀស​​ការគ្រោះថ្នាក់ជា យថាហេតុ ទី១ បិតមិនឲ្យរថយន្ដធំ​ធ្វើចរាចរណ៍​ចូលទីរួមស្រុកស្ទោង​ ទី២ គឺ​ ​ គឺដាក់ផ្លាកចរាចរណ៍ត្រង់កន្លែងទឹកលិច​ ដើម្បីឲ្យអ្នកកំពុងធ្វើចរាចរណ៍បានដឹង ពីចំងាយ ទាំងរថយន្ដតូច ធំ បានបន្ថយល្បឿន​និងម្យ៉ាងទៀត ជៀសវាងការ សាចទឹក លើអ្នកឈប់ លាងម៉ូតូ​និងរថយន្ដ ផងដែរ។

លោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង បានប្រាប់ក្នុងកិច្ចសម្ភាសថា​បើ គិតមកដល់ថ្ងៃទ១ ខែកញ្ញា ឆ្នាំ២០១៧ ទឹកជំនន់ បានហូររាជចេញ ពីស្ទឹងស្ទោង បូកនិងទឹកភ្លៀងបន្ថែមផងនោះ បណ្តាលលិចលង់ ឃុំចំនួន៥ក្នុងចំណោមឃុំ ទាំង១៣ ក្នុងស្រុកស្ទោង បានបណ្តាលលិចស្រូវវស្សាចំនួន៥២២៥ហិតា លិចផ្លូវលំគ្រួសក្រហម ចំនួន៦ខ្សែ ដាច់ផ្លូវលំ ចំងាយ៥១មែត្រ លិចវត្តអារាមចំនួន៨ លិចអណ្តូងទឹកចំនួន១៩ លិចបង្គន់អនាម័យ ចំនួន១២៧ លិចសាលារៀនចំនួន៨ ក្នុងនោះមាន បឋមសិក្សា និងវិទ្យាល័យ ព្រមទាំងលិចផ្លូវជាតិលេខ០៦ចំនួនជាង៣០០ម៉ែត្រនៅក្នុងឃុំ កំពង់ចិនជើង។

លោកបានបន្តថាបញ្ហាទឹកជំនន់នេះ អាជ្ញាធរស្រុកបានរាយការណ៍ជូន លោក​សុខ លូ អភិបាលខេត្តនិងគណៈកម្មាធិការគ្រោះមហន្តរាយរួចហើយ រង់ចាំជួយសង្គ្រោះដល់បងប្អូនដែលកំពុងលិចលង់ តែពេលណានោះ លោកមិនទាន់ដឹងច្បាស់នៅឡើយ ៕ ប៊ុន រិទ្ធី​


ចែករំលែក៖