ភ្នំពេញ : មួយរយៈកន្លងមកនេះបញ្ហាគ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្តដឹកកុងតឺន័របានកើតឡើងជាបន្តបន្ទាប់នៅលើកំណាត់ផ្លូវជាតិលេខ១ ទោះបីមិនមានគ្រោះថ្នាក់ដល់ជីវិតមនុស្សក៍ដោយតែទំហ៊ំនៃការគ្រោះថ្នាក់មើលទៅធ្ងន់ធ្ងរណាស់ដែលធ្វើអោយមជ្ឈដ្ឋានទូទៅព្រឺស្ញើបគ្រប់ៗគ្នា ពិសេសក្តីបារម្ភបានដក់ជាប់នៅក្នុងអារម្មណ៍ជានិច្ចពេលធ្វើដំណើរលើផ្លូវជាតិ ។
ចុងខែសីហា ឆ្នាំ២០១៧កន្លងទៅនៅក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ កើតមានគ្រោះថ្នាក់ចរាចរ៣ករណី ក្នុងនោះ១ករណីបង្កឡើងដោយអ្នកបើកបររថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតតិចស្រ៊ុន បានរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋចំនួន២ល្វែង ខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន រងរបួសស្រាល២នាក់ ដោយឡែក២ករណីទៀតបង្កឡើងដោយអ្នកបើកបររថយន្តដឹកកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតសូរ ងួន បានបើកបុករថយន្តទួររីសពីក្រោយបណ្តាលក្រឡាប់២-៣ត្រឡប់ធ្លាកចេញពីផ្លូវជាតិទៅផ្ទប់ជាមួយរបងវិទ្យាល័យជ័យវរ្ម័នទី៧ ២ថ្ងៃក្រោយមករថយន្តដឹកកុងតឺន័របស់ក្រុមហ៊ុនផែស្ងួតសូរងួន ដដែលនេះបានបុកគ្នាជាមួយរថយន្តដឹកត្រីបណ្តាលអោយខ្ទេចទាំសង្ខាង ដែលករណីទី២នេះកើតឡើងនៅក្នុងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ។
ថ្មីៗនេះករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្តដឹកកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតអូលែ បានកើតឡើងម្តងទៀតនៅលើផ្លូវជាតិលេខ១ ក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។ នេះជាបទល្មើសចរាចរលើកទី៤ ដែលកើតឡើងនៅលើផ្លូវជាតិលេខ១ នៅក្នុងភូមិសាស្ត្រ២ផ្សេងគ្នា តែចង់បញ្ជាក់ថាគ្រោះថ្នាក់ចរាចរទាំង៤លើកនេះគឺបង្កឡើងដោយអ្នកបើកបររថយន្តកុងតឺន័របើកខ្វះការប្រុងប្រយ័ត្ន ទោះបីមិនបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សក៍ដោយ តែបទល្មើសចរាចរនីមួយៗមើលទៅសាហាវណាស់ ។
ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរលើផ្លូវជាតិលេខ១ក្បែrផ្សារព្រែកឯងនេះដែរ លោកឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារសណ្តាប់ធ្នាប់ចរាចរបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរនៅក្នុងសង្កាត់វាលស្បូវនេះបង្កឡើងដោយអ្នកបើកបររថយន្តកុងតឺន័របស់ក្រុមហ៊ុនផែស្ងួតអូលែ បើកបរក្នុងទិសដៅពីកៀនស្វាយ ចូលមកភ្នំពេញខ្វះការប្រុងប្រយ័ត្នបានទៅបុកពីក្រោយរថយន្តធន់ធំមួយគ្រឿងទៀតដែលឈប់ចតនៅចិញ្ចើមផ្លូវពេញទំហឹងបណ្តាលអោយក្បាលរថយន្តដឹងកុងតឺន័រខ្ទេចទាំងស្រុងតែជាសំណាង១ក្នុង១០០០គ្រោះថ្នាក់អ្នកបើកបររថយន្តបង្ករងរបួសស្រាល ក្រោយបង្កហេតុគេចខ្លួនបាត់ ។
លោកអធិការរងបានបន្តថា បន្ទាប់ពីកើតហេតុភាគីទាំង២បានដោះស្រាយបញ្ចប់បញ្ហានៅកន្លែងកើតហេតុ ដោយភាគីខាងរថយន្តដឹកកុងតឺន័របានយល់ព្រមចេញសំណង់៥០០ដុល្លារដល់រថយន្តដឹកទំនិញ ។ យ៉ាងណាក៍ដោយសូមអំពាវនាវដល់អ្នកបើកបររថយន្តដឹកកុងតឺន័រ រថយន្តដឹកទំនិញផ្សេងៗទៀត និយាយរួមសូមអ្នកបញ្ជាយានយន្តគ្រប់ប្រភេទត្រូវមានការប្រុងប្រយ័ត្នគោរពច្បាប់ចរាចរអោយបានគ្រប់ៗគ្នា ត្រូវមានការយោគយល់អធ្យាស្រ័យអោយគ្នាទៅវិញទៅមកក្នុងពេលប្រើប្រាស់ទ្រូងផ្លូវ ទើបយើងអាចកាត់បន្ថយបានពីគ្រោះថ្នាក់ចរាចរ ៕ សណ្តោស