ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលជំរុញឲ្យគ្រប់ស្ថានីយប្រេង និងឧស្ម័នមកចុះបញ្ជី និងធ្វើច្បាប់ឲ្យបានគ្រប់ៗគ្នា

ចែករំលែក៖

ខេត្តតាកែវ ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលបានជំរុញឲ្យអាជីវករទាំងអស់ ដែលកំពុងប្រកបអាជីវកម្មលក់ប្រេងសាំង លក់ឧស្ម័នឥន្ធនៈទាំងអស់ ដែលពុំមានច្បាប់ត្រឹមត្រូវឬពុំមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់នោះមកចុះបញ្ជី និងធ្វើច្បាប់ឲ្យបានគ្រប់ៗគ្នាជៀសវាងការផាក់ពិន័យ និងបិទឈប់ឲ្យប្រកបអាជីវកម្មបន្តទៀតពីមន្ត្រីជំនាញ។

ថ្លែងឲ្យដឹងបែបនេះ ខណៈលោក លាង ឆៃលី អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលចុះបើកសិក្ខាសាលាផ្សព្វផ្សាយសារាចរស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈស្ថានីយឧស្ម័នឥន្ធនៈ និងប្រកាសស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈកាលពីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នៅក្នុងខេត្តតាកែវ។

លោកអនុរដ្ឋលេខាធិការក្រសួងបានថ្លែងសង្កត់ធ្ងន់ថា គ្រប់ស្ថានីយប្រេង និងឧស្ម័ន ដែលកំពុងបើកលក់ឬ ដែលមានគម្រោងបើកស្ថានីយថ្មីចាំបាច់ត្រូវមកសុំច្បាប់បើពុំទាន់មានច្បាប់ត្រឹមត្រូវនោះ ពិសេសដាច់ខាត់ត្រូវតែកែតម្រូវ និងដាក់ប្រព័ន្ធការពារសុវត្ថិភាពឲ្យត្រូវតាមលក្ខណៈបច្ចេកទេសនៅក្នុងស្ថានីយ ដែលក្រសួងតម្រូវដើម្បីការពារហានិភ័យ ដែលកើតឡើងជាយថាហេតុឲ្យបានមុខឆ្នាំ២០១៩ជាកំហិត។

លោកក៏បានលើកឡើងដែរចំពោះអាជីករ ដែលលក់ និងចែកចាយប្រេងសាំង ឬ ប្រេងម៉ាស៊ូតដល់សាធារណជនចាប់ពី២០០លីត្រឡើងទៅដាច់ខាតត្រូវមានច្បាប់អនុញ្ញាតិពីក្រសួង និងមន្ទីររ៉ែថាមពល ហើយចំពោះការស្នើសុំបង្កើតស្ថានីយប្រេងសាំង និងឧស្ម័នឥន្ធនៈថ្មីឬក៏កែសម្រួលស្ថានីយចាស់នោះអាជីវករទាំងអស់អាចទៅទំនាក់ទំនងនៅក្រសួង និងមន្ទីររ៉ែ និងថាមពលដើម្បីបានពាក្យស្នើសុំ ៕ ភ្នំដា


ចែករំលែក៖