ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹកទន្លេសាប កាលពីម៉ោងជាង៩ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ និងបានរាយការណ៍ទៅសមត្ថកិច្ចខណ្ឌឫស្សី ដើម្បីចុះមកពិនិត្យនៅកន្លែងកើតហេតុ។
តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសដែលស្លាប់បាត់បង់ជីវិតនេះឈ្មោះ ហេង ភក្ដី អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ៤០០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីសាច់ញាតិរបស់សាកសពបានឲ្យដឹងទៀតដែរថា បុរសគេប្រទះឃើញនេះគឺជាមនុស្សវិកលចរឹក ហើយបានដើរបាត់ពីផ្ទះចំនួន២ថ្ងៃមកហើយ ទើបគេប្រទះឃើញលង់ទឹកស្លាប់តែម្ដង។ រីឯសាកសពត្រូវបានសមត្ថកិច្ចពិនិត្យ និងធ្វើកោសល្យវិច័យ ហើយក៏បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ទើបប្រគល់សាកសពទៅឲ្យក្រុមគ្រួរសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ ជ្រោយពេជ្រ