ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពជនភៀសខ្លួនរ៉ូហីនយ៉ាកាន់តែធ្ងន់បង្កឲ្យមានវិបត្តិជនភៀសខ្លួន

ចែករំលែក៖

ស្ថានភាពពាក់ព័ន្ធនឹងជនភៀសខ្លួនរ៉ូហីនយ៉ា កាន់តែធ្ងន់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែអំពើហិង្សា កើនឡើងនៅតំបន់ រស់នៅរបស់ជនជាតិភាគតិចរ៉ូហីនយ៉ាកាន់សាសនាអិស្លាម ។ នៅពេលនេះដែរ ក្រោយពេលវាយតម្លៃ អង្គការសហប្រជាជាតិបានស្នើថវិកាប្រកាណ២០០លានដុល្លារ សម្រាប់ឧបត្ថម្ភជាជំនួយមនុស្សធម៌ដល់ជនភៀសខ្លួនរ៉ូហ៊ីនយ៉ាដែលបានរត់គេចចេញពីអំពើហិង្សា ។

ភាគច្រើន ជនភៀសខ្លួនរ៉ូហ៊ីនយ៉ាបានភៀសខ្លួនទៅរស់នៅក្នុងប្រទេសបង់ក្លាដែស ដោយប្រឈមនូវបញ្ហា ផ្សេងៗជាច្រើន ។ កាលពីថ្ងៃទី២២ ខែកញ្ញា គ្រាប់បែកច្នៃបានផ្ទុះ នៅក្នុងបរិវេណរបស់វិហារសាសនាអ៊ីស្លាមនៅក្នុងរដ្ឋធានីSittwe របស់រដ្ឋរ៉ាឃីន ។

គ្រាប់បែកច្នៃបានផ្ទុះនៅក្នុងបរិវេណរបស់វិហារអ៊ីស្លាម នៅក្នុងទីក្រុងSittwe របស់រដ្ឋរ៉ាឃីន ដែលរហូតមកដល់ពេលនេះ នៅស្ងប់សុខ និងស្ថិតនៅឆ្ងាយពីអំពើហិង្សា ដែលជាដើមហេតុធ្វើឲ្យប្រជាជនរ៉ូហ៊ីនយ៉ារត់ចាកចេញពីមីយ៉ាន់ម៉ាទៅបង់ក្លាដែស ។

តាមអង្គភាពព័ត៌មានរបស់រដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា គ្រាប់បែកច្នៃ បំផ្ទុះដោយពួកភេរវជន មិនបានសម្លាប់ ឬធ្វើឲ្យមនុស្សរបួសម្នាក់ណាទេ ។ តាមរដ្ឋាភិបាលមីយ៉ាន់ម៉ាដដែល គោលដៅរបស់ភេរវជនគឺបំផិតបំភ័យប្រជាជន ជាពិសេសនៅមុនពិធីសូត្រធម៌ ។

លោក Chris Lewaប្រធានគម្រោងអារ៉ាខាន ដែលជាអង្គការការពារជនជាតិរ៉ូហ៊ីនយ៉ាវិហាអ៊ីស្លាម នៅទីក្រុងSittweដែលស្ថិតនៅភាគខាងត្បូង រដ្ឋរ៉ាឃីនត្រូវបានក្រុមយោធាមីយ៉ាន់ម៉ាចូលកាន់កាប់តាំងពីថ្ងៃ ទី ២៥សីហា ម្ល៉េះ ពោលគឺចាប់តាំងពីថ្ងៃផ្តើមដំបូងនៃបង្រ្កាបរបស់យោធា មីយ៉ាន់ម៉ាដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់ពួកឧទ្ទាមដើម្បីរ៉ូហ៊ីនយ៉ានៅរដ្ឋរ៉ាឃីន ។ តាមលោក Chris Lewaដែលបាននិយាយទូរស័ព្ទ ជាមួយ អ្នកភូមិនៅក្បែរកន្លែងកើតហេតុ គ្រាប់បែកផ្ទុះមិនបានបង្កឲ្យមានអ្នករងរបួសប៉ុន្តែ ពួកទាហានបានចេញដើរដុតផ្ទះក្នុងភូមិ ជុំវិញ ។ អ្នកភូមិជាច្រើនបានរត់ចេញពីផ្ទះសម្បែង នៅក្រោយឧប្បត្តិហេតុនៅថ្ងៃសុក្រ ។

លោកស្រីអ៊ុងសាន ស៊ូជីកាលពីថ្មីៗអះអាងថា លែងមានការប្រយុទ្ធគ្នា និងថាបេសកកម្មរបស់យោធាបានបិទបញ្ចប់តាំងពីថ្ងៃទី ៥កញ្ញាម្ល៉េះ ។ អង្គការការពារសិទ្ធិមនុស្សAmnesty International បានប្រៀបប្រដូចការធ្វើមិនដឹង មិនលឺ របស់លោកស្រីអ៊ុងសាន ស៊ូជីទៅនឹងសត្វអូទ្រីស ដែលកំពុងកប់ក្បាលទៅក្នុងដីខ្សាច់នៅពេលកំពុងជួបបញ្ហា ។

អំពើហិង្សានៅភាគខាងលិច និងខាងជើងរដ្ឋរ៉ាឃីនបានបណ្តាលឲ្យមានវិបត្តិមនុស្សផ្លាស់ទីដ៏ធ្ងន់ធ្ងរដែលគេមិនធ្លាប់ឃើញមាន ចាប់តាំងពីការកាប់សម្លាប់បោសសម្អាតជនជាតិភាគតិច នៅប្រទេសបូស្នី ។ នៅថ្ងៃសុក្រម្សិលមិញអង្គការគ្រូពេទ្យគ្មានព្រំដែនបានព្រមានពីជម្ងឺរាតត្បាតនិងគ្រោះទុរភិក្ស នៅក្នុងជំរំដែលកកកុញដោយជនភៀសខ្លួនរ៉ូហ៊ីនយ៉ា ។ អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិនៅទីក្រុងដាការ របស់បង់ក្លាដែស បានលើកឡើងថា គេត្រូវការថវិកាប្រមាណ២០០លានដុល្លារ នៅក្នុងរយៈពេល ៦ខែ ទៅមុខដើម្បីផ្តល់ជំនួយមនុស្សធម៌ចាំបាច់ ដល់ជនភៀសខ្លួនរ៉ូហ៊ីនយ៉ា ជាង៤សែននាក់ ដែលរត់គេចពីអំពើហិង្សានៅមីយ៉ាន់ម៉ា ។

រដ្ឋាភិបាលមីយ៉ាន់ម៉ាកំពុងរងការរិះគន់ពីគ្រប់ទិសដោយសារអំពើហិង្សា ដែលឈានទៅដល់ការរត់ចោលភូមិរបស់ជនជាតិរ៉ូហ៊ីនយ៉ារាប់សែននាក់ ទៅក្នុងទឹកដីបង់ក្លាដែស ។ នៅថ្ងៃព្រហស្បតិ៍បន្ទាប់ពីប្រធានាធិបតី បារាំង លើកឡើងពីអំពើប្រល័យពូជសាសន៍ នៅមីយ៉ាន់ម៉ានាយករដ្ឋមន្រ្តីបង់ក្លាដែស ឯណោះវិញ បានឡើងថ្លែងនៅអង្គការសហប្រជាជាតិទាមទារឲ្យមីយ៉ាន់ម៉ា បញ្ឈប់ការបោសសម្អាត បណ្តេញជនជាតិពិន្ធុ ។

ពីលើវេទិកាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដែស Sheikh Hasinaបានអំពាវនាវសុំឲ្យមានបង្កើតតំបន់សុវត្ថិភាពមួយសម្រាប់ទទួលជនជាតិភាគតិចរ៉ូហ៊ីនយ៉ា ដែលបានរត់គេចចេញពី អំពើហិង្សានៅរដ្ឋរ៉ាឃីន និងកំពុងកកកុញ នៅក្នុងជំរំជនភៀសខ្លួនក្នុងទឹកដីបង់ក្លាដែស ។ តាមយោបល់របស់ប្រមុខរដ្ឋាភិបាលបង់ក្លាដែសតំបន់សុវត្ថិភាពសម្រាប់ប្រជាជនភៀសខ្លួនរ៉ូហ៊ីនយ៉ាត្រូវស្ថិតនៅក្នុងទឹកដីមីយ៉ាន់ម៉ាហើយនិងត្រូវស្ថិតនៅក្រោមការគ្រប់គ្រងត្រួតពិនិត្យរបស់បេសកកម្មរបស់អង្គការសហប្រជាជាតិ ។

សព្វថ្ងៃនេះទឹកដីភាគខាងត្បូងរបស់បង់ក្លាដែស ដែលមានព្រំដែនជាប់ជាមួយមីយ៉ាន់ម៉ាមានជនភៀសខ្លួនរ៉ូហ៊ីនយ៉ាជាង ៨សែននាក់ ។ នេះបើតាមលោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដែស ។ ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិប្រមុខរដ្ឋាភិបាលបង់ក្លាដែសបានទាមទារសុំឲ្យមីយ៉ាន់ម៉ាបញ្ឈប់ការបោសសម្អាតជនជាតិពិន្ធុ ។ នាយករដ្ឋមន្រ្តីបង់ក្លាដែស បរិហាររិះគន់ផងដែរចំណាត់ការរបស់អាជ្ញាធរមីយ៉ាន់ម៉ា ដែលបានបង្កប់រាយមីន នៅតាមព្រំដែនជាមួយបង់ក្លាដែស ក្នុងគោលដៅទប់ស្កាត់កុំឲ្យជនជាតិរ៉ូហ៊ីនយ៉ាដែលរត់ចូលទៅក្នុងទឹកដីបង់ក្លាដែស អាចត្រលប់ចូលទៅមីយ៉ាន់ម៉ាវិញ ។

នៅថ្ងៃអង្គារកន្លងទៅ នៅក្នុងសង្កថា ជាភាសាអង់គ្លេសដែលលោកស្រីបានឡើងថ្លែងជាសាធារណៈ លោកស្រីអ៊ុងសាន ស៊ូជីប្រមុខរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា មិនបាននិយាយចំៗឈ្មោះជនជាតិរ៉ូហ៊ីនយ៉ាសូម្បីមួយដង ។ ប៉ុន្តែ លោកស្រី បានអះអាងធានាថា មីយ៉ាន់ម៉ាត្រៀមខ្លួនរួចហើយ ដើម្បីទទួលយកវិញ ប្រជាជនកាន់សាសនាអ៊ីស្លាមដែលបានរត់គេចចេញពីអំពើហិង្សានៅរដ្ឋរ៉ាឃីន ។ នៅក្នុងសង្កថាលោកស្រីអ៊ុងសាន ស៊ូជី ជ័យលាភី ណូបែលសន្តិភាព ប្រកាសថានឹងទទួលធ្វើមាតុភូមិនិវត្តប្រជាជនកាន់សាសនាអ៊ីស្លាម ប្រមាណ ៤សែននាក់ដែលបានរត់ទៅជ្រកកោន នៅទឹកដីបង់ក្លាដែស ។ ចំនួននេះ គឺពាក់កណ្តាលនឹងចំនួនដែលលោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដែស លើកឡើងខាងដើម ដែលថាមានប្រជាជនរ៉ូហ៊ីនយ៉ា ប្រមាណ ៨សែននាក់ កំពុងស្ថិតនៅក្នុងទឹកដីបង់ក្លាដែស ដោយសារតែអំពើហិង្សានៅមីយ៉ាន់ម៉ា ។

មួយវិញទៀតសំណើរបស់លោកស្រីអ៊ុងសាន ស៊ូជី ហាក់មិនសូវច្បាស់លាស់ ព្រោះគ្មានកំណត់ថ្ងៃវិលត្រឡប់ផ្ទុយពីនេះ មានបង្កប់ដោយលក្ខខណ្ឌ នៅត្រង់ថាការទទួលយកជនជាតិរ៉ូហ៊ីនយ៉ានឹងធ្វើឡើងក្រោមការត្រួតពិនិត្យផ្ទៀងផ្ទាត់ លើក្រដាសស្នាមមុននឹងមីយ៉ាន់ម៉ាអាចទទួលយកប្រជាជនដែលលោកស្រីអ៊ុងសាន ស៊ូជីនៅតែមិនទាន់យល់ថា ហេតុអ្វីបានជាពួកគេរត់គេចចេញពីមីយ៉ាន់ម៉ាទៅទឹកដីបង់ក្លាដែសនោះ៕ ម៉ែវ សាធី


ចែករំលែក៖