ភ្នំពេញ ៖ បើទោះបីជាមានការប្តេជ្ញាចិត្តពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថានឹងបញ្ជាឲ្យអស់លោកអភិបាល ខណ្ឌទាំង១២ ក្រោមឱវាទសាលារាជធានីភ្នំពេញត្រូវចុះត្រួតពិនិត្យទៅលើទីតាំង អ៊ិនធើណេត២៤ម៉ោង ដែលជាទីតាំងបង្កប់ល្បែងភ្នាល់តាមអនឡាញផងនិងជាទីតាំងលួចប្រើប្រាស់គ្រឿងញៀនផងក៏ដោយ ក៏ នៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យតាមបណ្តោយផ្លូវព្រះមុនីរ៉េត (២១៧) គេ សង្កេតឃើញនៅតែបន្តបើកដំណើរការ ដដែល ហើយមិនត្រឹមតែប៉ុណ្ណោះម្ចាស់ ទីតាំងណេត២៤ម៉ោង (A2-សេវាកុំព្យូទ័រ) បានអះអាងថា ទីតាំងគាត់មានច្បាប់អនុញ្ញាតដល់ទៅ៣ស្ថាប័ន គឺបណ្ណអនុញ្ញាត ឲ្យធ្វើអាជីវកម្មចេញដោយអ្នកស្រីខាងវប្បធម៌ខណ្ឌមានជ័យ និងលោកអភិបាលរង ខណ្ឌមានជ័យផងដែរ ។
ម្ចាស់ទីតាំងខាងលើនេះនិយាយថា កន្លែងណាក៏ដូចគ្នាដែរក្នុងការលួចលេងល្បែងភ្នាល់តាមអនឡាញនេះ តែកន្លែង គាត់គ្មានទេ។
ជាមួយគ្នានេះផងដែរ មន្ត្រីសាលាខណ្ឌមានជ័យសុំសិទិ្ធមិនប្រាប់ឈ្មោះបានឲ្យដឹងតាមទូរស័ព្ទថា កន្លងទៅអាជ្ញាធរខណ្ឌយើងបានកោះហៅម្ចាស់ទីតាំងណេតទាំងអស់មកសាលាខណ្ឌ ដើម្បីប្រជុំផ្សព្វផ្សាយ បញ្ហានេះ ហើយអាជ្ញាធរខណ្ឌបានអនុញ្ញាតឲ្យអ្នកដែលមិនទាន់ហួសសុពលភាពបណ្ណអនុញ្ញាតតែប៉ុណ្ណោះទេ សម្រាប់អ្នកណា ហួសសុពលភាព ហើយនោះត្រូវតែបិទ អាជ្ញា ធរមិនអនុញ្ញាតឲ្យបន្តឡើយ និងមិនអនុញ្ញាតឲ្យបើកលេងទល់ភ្លឺនោះទេ ។ ប្រភពពីមន្ត្រីដដែលបន្តថា ពុំមានអភិបាល រងខណ្ឌណាចេញបណ្ណអនុញ្ញាតឲ្យទេ បើ ដូច្នេះមែននោះវាទាល់តែយើងឆ្លងទៅអភិបាលនៃគណៈអភិបាលខណ្ឌសិន ។
មន្ត្រីដដែលបញ្ជាក់ថា តាមធម្មតាពួក អ្នករកស៊ីខុសច្បាប់ទាំងនេះ គឺតែងតែយក ឈ្មោះអ្នក នេះអ្នកនោះមកប្រើប្រាស់ផ្តេស ផ្តាស អាង ខ្នង។ តាមពិតគ្មានអភិបាលរង ខណ្ឌណាហ៊ានចេញច្បាប់ដូចគាត់និយាយនោះទេ។
ប្រភពពីមន្ត្រីដដែលបានស្តីបន្ទោសទៅលើអាជ្ញាធរសង្កាត់និងប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យថា មិនសហការជួយមើល និង រាយការណ៍មកខណ្ឌនោះទេ ចំពោះបញ្ហាល្បែងស៊ីសងគ្រប់ប្រភេទដែលកើតមាននៅក្នុងមូលដ្ឋានសង្កាត់របស់ខ្លួន ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ អភិបាលរងខណ្ឌមានជ័យសុំសិទិ្ធមិនបញ្ចេញឈ្មោះនោះបានបង្ហើបថា បច្ចុប្បន្នមានមនុស្សនៅក្នុងសាលាខណ្ឌដែលមិនមែនជាមន្ត្រីក្របខ័ណ្ឌបានដើរអុកឡុកគ្រប់កន្លែងកើត បទល្មើស ហើយយកឈ្មោះលោកទៅប្រើ និងលាបពណ៌ ។ លោកថា លោកកំពុង តាមដាននិងស្វែងរកភស្តុតាង ៕ តាឡឹម