ខេត្តតាកែវ ៖ នៅថ្ងៃ២៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង២២៖០៥នាទី កម្លាំងជំនាញនៃអធិការនគរបាលស្រុកគិរីវង់បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលបានប្រើអំពើហិង្សាក្នុងគ្រួសារ និងវាយបំផ្លាញសម្ភារក្នុងផ្ទះ ដែលស្ថិតនៅ ភូមិពោធិ ឃុំ ព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
លោកវរសេនីយ៍ទោ យុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់ បានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ មានប្រជាពលរដ្ឋឈ្មោះ ម៉េង រំដួល ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានខលទូរសព្ទ័ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ សុំអន្តរាគមន៍ដោយឈ្មោះ តែម សុភា ភេទប្រុស អាយុ២៩ឆ្នាំ ( ត្រូវជាប្តី ) បានប្រើហិង្សាទៅគ្រួសារ នឹងបានវាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិនៅក្នុងផ្ទះ ។
បន្ទាប់ពីបានទទួលព័ត៌មាននេះ លោកបានបញ្ជាឲ្យកម្លាំងជំនាញចុះទៅអន្តរាគមន៏ដល់កន្លែងកើតហេតុភ្លាម ខណៈទៅដល់ក៏បានជួបឈ្មោះ តែម គា ត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យ បានសំណូមពរឲ្យសមត្ថកិច្ចកិចជួយចាប់ជនសង្ស័យដាក់គុក ភ្លាមនោះឈ្មោះ តែម សុភា ក៏បានជេប្រមាថមកលើសមត្ថកិច្ច និងបានយកដុំថ្ម នឹងទាញដែកបំពង់ទីបដេញវាយសមត្ថកិច្ចហើយព្យាយាមរត់គេចខ្លួន តែសមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួនបានតែម្តង ។
លោកបានបញ្ជាក់ថា មុខសញ្ញាឈ្មោះ តែម សុភា នេះជាមុខសញ្ញាញៀនថ្នាំ និងមានដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ១០៨របស់ សាលាដំបូងខេត្តតាកែវ ពាក់ព័ន្ធករណីហិង្សាដោយចេតនា(មានស្ថានទម្ងន់ទោស) ដែលប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តតាកែវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមច្បាប់៕ ភ្នំដា