ការបាញ់ប្រហារមុនៗព្រឹត្តិការណ៍ ឡាសវេហ្គាស ក៏បានបន្សល់ទុកនូវការ ឈឺចាប់ការបាត់បង់យ៉ាងធំធេងដល់ មនុស្សជំនាន់ក្រោយរបស់អាមេរិក។ ការ បាញ់ប្រហារកាលពីយប់ថ្ងៃទី១ ខែតុលា សម្លាប់មនុស្ស៥៩នាក់ និងជាង៥០០ នាក់ទៀតរងរបួសគឺ ជារឿងដ៏រន្ធត់បំផុត នៅលើទឹកដីអាមេរិក។
ខាងក្រោមនេះ ជាការបាញ់ប្រហារនៅអាមេរិកសម្លាប់មនុស្សជាច្រើននាពេលកន្លងមក៖
បាញ់ប្រហារនៅហាង McDonald San Ysidro (២១នាក់ស្លាប់ និង១៩នាក់ ទៀតរងរបួស)
កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៨៤ លោក James Huberty ជាងផ្សារដែក និង ជាបុគ្គលិកការពារ បានត្អូញត្អែរប្រាប់ ភរិយាថា លោកដូចជាមានបញ្ហាផ្លូវចិត្ត។ ដូច្នេះហើយទើបនៅថ្ងៃទី១៧ ខែកក្កដា Huberty បានទូរស័ព្ទទៅកាន់មន្ទីរពេទ្យ ក្នុងតំបន់ ប្រាប់ពីអាការរបស់លោកដើម្បី ឲ្យគ្រូពេទ្យត្រួតពិនិត្យ។ ដោយសារតែគ្រូពេទ្យឃើញស្ថានភាពមិនទាន់ប្រញាប់ ក៏បានឲ្យលោកស្ថិតនៅក្នុងបញ្ជីរង់ចាំត្រួត ពិនិត្យក្នុងរយៈពេល៤៨ម៉ោង និងដោយ ខកចិត្តព្រោះឲ្យលោករង់ចាំយូរ នៅព្រឹក ថ្ងៃទី១៧ ខែកក្កដាដដែលនោះ លោក Huberty បានថើបលាប្រពន្ធ និងកូនៗ។ លុះ នៅវេលាម៉ោង៤រសៀល គាត់ក៏បានយក កាំភ្លើង៣ដើម និងគ្រាប់រាប់រយគ្រាប់ចូលទៅកាន់ហាង McDonald ដែលមានចម្ងាយ ពីផ្ទះប្រហែល២០០ម៉ែត្រ បើកការបាញ់ ប្រហារតែម្តង បណ្តាលឲ្យមានមនុស្ស២១ នាក់ស្លាប់ និង១៩នាក់រងរបួស។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា Huberty បានចូលទៅកាន់ហាងខាងលើ ហើយមនុស្សនៅទីនោះបាននាំគ្នាសើច ដោយយល់ថា ជាការលេងសើច។ ក្រោយ មក១ម៉ោងHuberty វិលត្រឡប់មកវិញក៏បានបាញ់រះអស់២៤៥គ្រាប់ ទៅលើហ្វូង មនុស្ស ដោយប្រើប្រាស់កាំភ្លើងផ្សេងៗ គ្នា។ កម្លាំងពិសេស SWAT ក៏បានបាញ់ពីលើដំបូលផ្ទះសម្លាប់ជនដៃដល់តែម្តង។
ការបាញ់ប្រហារនៅភោជនីយដ្ឋាន Luby សម្លាប់មនុស្ស២៣នាក់ និងរបួស ២០នាក់
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៩១ លោក George Hennard ដែលជាអតីតនាវិកអត់ ការងារធ្វើ បានបើករថយន្តដឹកទំនិញធុន ធំក្នុងល្បឿនលឿនសម្រុកចូលក្នុងភោជ នីយដ្ឋាន Luby ចំពេលមានពិធីបុណ្យក្នុងតំបន់ដែលមានមនុស្សជាច្រើនចូលរួមពិធីជប់លៀង។ ក្រោយពេលបើកបុក ជនដៃ ដល់ក៏បានយកកាំភ្លើងបាញ់រះទៅលើហ្វូងមនុស្ស ដោយស្រែកថា «ជាការសងសឹក ស្ត្រីទាំងអស់គឺជាពស់ពិស»។
តាមការស្រាវជ្រាវ George Hennard ជាមនុស្សប្រកាន់ពណ៌សម្បុរ និងស្អប់ស្ត្រី យ៉ាងខ្លាំង។ មនុស្សនៅក្នុងភោជនីយដ្ឋានបានវាយបំបែកកញ្ចក់នៅខាងក្រោយភោជនីយដ្ឋាន បើកផ្លូវជួយមនុស្សរាប់រយនាក់ រត់ចេញពីទីនោះ។ នៅក្នុងការប៉ះទង្គិចជា មួយប៉ូលិស ជនដៃដល់ត្រូវប៉ូលិសបាញ់ ចំ៤គ្រាប់ ដោយមិនអាចគេចខ្លួនបាន ក៏ សម្រេចចូលលាក់ខ្លួននៅក្នុងបន្ទប់ទឹក បាញ់សម្លាប់ខ្លួនឯងតែម្តង។ នៅក្នុងការ បាញ់ប្រហារនោះ មានមនុស្ស២៣នាក់ ស្លាប់ និង២០នាក់រងរបួស។
ការបាញ់ប្រហារនៅមជ្ឈមណ្ឌល ពាណិជ្ជកម្ម Auronra ស្លាប់១២នាក់ និង របួស៧០នាក់
ការបាញ់ប្រហារក្នុងពិធីសម្ពោធបើក បញ្ចាំងខ្សែភាពយន្ត Batman «The Dard Knight Rises » នៅក្នុងមហោស្រព Century16 ស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជ កម្ម Aurora ក្នុងទីក្រុង Denver នាព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២ ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ជនដៃដល់ដែលបាញ់ប្រហារនោះ ឈ្មោះ James Holmes អតីតនិស្សិតពេទ្យ អាយុ២៤ឆ្នាំ ពាក់អាវការពារគ្រាប់ ពាក់ របាំងមុខការពារជាតិពុល ចូលរួមក្នុងពិធីខាងលើដូចជាអ្នកគាំទ្រដទៃទៀតនៅក្នុង ខ្សែភាពយន្ត។ ក្រោយមកជនដៃដល់ក៏ បានបោះគ្រាប់បែកផ្សែង២គ្រាប់ កុំឲ្យគេ មើលឃើញ ហើយក៏បានដកកាំភ្លើងបាញ់ប្រហារអស់៧៦គ្រាប់ ទៅលើហ្វូងមនុស្ស បណ្តាលឲ្យមនុស្ស១២នាក់ស្លាប់ និង៧០ នាក់រងរបួស។ ក្រោយការស្រាវជ្រាវឆែក ឆេរ ប៉ូលិសក៏បានរកឃើញគ្រាប់បែក៣០គ្រាប់ ហ្គាស១១០លីន និងសម្ភារបំផ្ទុះកែច្នៃផ្សេងទៀត។
នៅក្នុងការកាត់ក្តី James Holmes ជាប់គុក១ជីវិត និងត្រូវទទួលទោសបន្ថែមទៀតរហូតដល់៣.៣១៨ឆ្នាំ ពីបទព្យាយាម សម្លាប់មនុស្ស និងរក្សាទុកជាតិផ្ទុះ។
ការបាញ់ប្រហារនៅក្លិបរាត្រី Orlando ស្លាប់៤៩នាក់ របួស៥៣នាក់
នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ លោក Omar Mateen បុគ្គលិកការពារ អាយុ២៩ឆ្នាំបានបើករថយន្តទៅកាន់ក្លិប រាត្រីរបស់អ្នកស្រឡាញ់ភេទដូចគ្នា ដោយ យកកាំភ្លើងទៅជាមួយ និងគ្រាប់ជាច្រើន គ្រាប់។ នៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមិថុនា ជនដៃដល់ បានសម្រុកចូលទៅខាងក្នុង រួចបាញ់ ប្រហារទៅលើហ្វូងមនុស្សដែលកំពុងតែសប្បាយនៅទីនោះ។ ពេលដំបូង មនុស្សជាច្រើនស្មានតែជាសំឡេងកាំជ្រួច តែក្រោយ មក មនុស្សនៅខាងក្នុងចាប់ផ្តើមចលាចល។ រយៈពេល៤៥នាទី ប៉ូលិសជាង១០០នាក់ បានចូលទៅដល់ឡោមព័ទ្ធទីនោះ និង បាញ់ប្រហារជាមួយខ្មាន់កាំភ្លើង។ មនុស្ស ជាច្រើនត្រូវចាប់ធ្វើជាចំណាប់ខ្មាំង រហូត ដល់ម៉ោង៥ទៀបភ្លឺ ទើបប៉ូលិសបាញ់ សម្លាប់ជនដៃដល់ដោយជោគជ័យ។
ក្រោយការស្រាវជ្រាវ ជនដៃដល់មាន ទំនាក់ទំនងជិតស្និទ្ធនឹងក្រុមភេរវកម្ម ដោយបានប្រកាសស្មោះត្រង់នឹងក្រុមIS។
ការបាញ់ប្រហារនៅទីក្រុងឡាសវេ ហ្គាសស្លាប់៥៩នាក់ របួស៥២៧នាក់
កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ អាមេរិកប្រឈមនឹងការបាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃមិនធ្លាប់មានពីមុនមក ដោយមានអ្នកស្លាប់ និងរបួសច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក ដោយមានចំនួន អ្នកស្លាប់ និងរបួសជិត៦០០នាក់ ហើយ ជនដៃដល់បាញ់ប្រហារតែម្នាក់ឯងប៉ុណ្ណោះ។
ជនដៃដល់មានឈ្មោះ Stephen Paddock អាយុ៦៤ឆ្នាំ បានបាញ់ប្រហារពី លើសណ្ឋាគារ Mandalay Bay ជាន់ទី៣២ ដែលគាត់ស្នាក់នៅទៅលើហ្វូងមនុស្ស ជាង២២ពាន់នាក់នៅខាងក្រោម ដែល កំពុងតែទស្សនាការប្រគំតន្ត្រីកណ្តាលវាល។ ជនដៃដល់បានធ្វើអត្តឃាតមុន ពេលប៉ូលិសចូលទៅដល់។ ក្រោយមក ប៉ូលិសក៏បានឆែកឆេរផ្ទះរកឃើញកាំភ្លើងគ្រប់ប្រភេទចំនួន៤២ដើម។ នៅពេលនេះ ប៉ូលិសមិនទាន់អាចសន្និដ្ឋានពីមូលហេតុនៃការបាញ់ប្រហារខាងលើនោះឡើយ។ ប៉ុន្តែក្រុមភេរវកម្ម IS បានចេញមុខប្រកាស ទទួលស្គាល់ថា ជាសកម្មភាពរបស់ក្រុម ខ្លួន ដោយបុរសវ័យ៦៤ឆ្នាំខាងលើ បាន ចូលក្នុងសាសនាអ៊ិស្លាមកាលពីខែមុន៕ ម៉ែវ សាធី