ប្រជាពលរដ្ឋនៅភូមិមហា ឃុំស្វាយទាប ស្រុកចម្ការលើបានឲ្យដឹងថា បច្ចុប្បន្នក្នុងមូលដ្ឋានពួកគាត់មានសង្វៀនបញ្ជល់មាន់៣កន្លែង ហើយមានបន្ថែមល្បែងបៀអាប៉ោង ផងដែរ។ ប្រជាពលរដ្ឋបានឲ្យដឹងថា មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនចាត់វិធាន ការបង្ក្រាបសង្វៀនបញ្ជល់មាន់ដែលបង្កប់ល្បែងស៊ីសងច្រើនប្រភេទនោះទេ បើទោះបីល្បែងស៊ីសងទាំងនោះត្រូវបានគេបើកលេងជាច្រើនថ្ងៃក៏ដោយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យអាជ្ញាធរខេត្តកំពង់ចាមចាត់វិធានការបង្ក្រាបល្បែងស៊ី សងក្នុងឃុំស្វាយទាប ស្រុកចម្ការលើជាបន្ទាន់ព្រោះការរាលដាលនៃល្បែងស៊ីសងនោះកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម ។
តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅឃុំស្វាយទាបបានឲ្យដឹងថា ចាប់តាំងពី លោក ឯម កុសល ចូលកាន់តំណែងជាស្នងការនគរបាលខេត្តកំពង់ចាមរួចមកល្បែងស៊ីសងរាលដាលយ៉ាងអនាធិបតេយ្យទាំងនៅក្នុងស្រុកចម្ការលើ និងបណ្ដាស្រុកមួយ ចំនួនទៀត។ ជាក់ស្ដែងមេល្បែងស៊ីសងម្ចាស់សង្វៀនបញ្ជល់មាន់នៅស្រុកចម្ការលើ ត្រូវបានគេស្គាល់ថា ជាឧកញ៉ាមានលុយនិងមានអំណាចម្នាក់ដែលមន្ត្រីអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចនគរបាលថ្នាក់ឃុំ ថ្នាក់ស្រុក មិនហ៊ានប៉ះពាល់ឧកញ៉ាមេល្បែងស៊ីសងនោះឡើយ ។
ប្រជាពលរដ្ឋរស់នៅឃុំស្វាយទាប ស្រុកចម្ការលើបានអំពាវនាវឲ្យអាជ្ញាធរខេត្តកំពង់ ចាមធ្វើយ៉ាងណាលុបបំបាត់ល្បែងស៊ីសងក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់ ព្រោះអភិបាល ស្រុក អធិការនគរបាលស្រុកក៏ដូចជាលោក ខេង ស្រេង និងលោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមមិនហ៊ានប៉ះពាល់ឧកញ៉ាមេល្បែងស៊ីសងនោះទេ។ ជាងនេះទៅទៀតមានការអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃក៏ដូចជាអគ្គស្នងការនគរបាលជាតិចាត់វិធានការទៅលើភាពអសកម្មរបស់អាជ្ញាធរខេត្តកំពង់ចាម និងស្នងការ នគរបាលខេត្តកំពង់ចាមជាបន្ទាន់ព្រោះបច្ចុប្បន្នបទល្មើសផ្សេងៗ និងល្បែងស៊ីសង កំពុងកើតឡើងយ៉ាងខ្លាំងក្លា ៕