ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគបាលស្រុកមង្គលបុរី សហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល៣ថ្ងៃ បានចេញប្រតិបត្តិការបង្រ្កាបគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យជាយុវជនប្រុស ស្រីចំនួន១៤នាក់ ជាបន្តបន្ទាប់ និងឆែកឆេរកឃើញកាំភ្លើងAKបត់១ដើម គ្មានគ្រាប់ ដែលពួកគេបានរក្សាទុកក្នុងគោលបំណងធ្វើកម្មភាពអាក្រក់ណាមួយនឹងអាចកើតឡើង។
ប្រតិបត្តិការបង្រ្កាបជនសង្ស័យគ្រឿងញៀនកម្លាំងនគរបាលធ្វើឡើងចាប់ពីថ្ងៃទី៨ រហូតដល់យប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នៅក្នុងភូមិសាស្រ្តឃុំគោកបល័្លង្ក និងឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ក្រមការអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការដឹកនាំកម្លាំងបង្រ្កាបផ្ទាល់ ដោយ លោកវរសេនីយ៍ឯក ចាប សុផាប្ញទ្ធិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសនៅក្នុងតំណាក់កាលយុទ្ធនាការទ្រង់ទ្រាយធំប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេសលើកទី២។
ការចុះបង្រ្កាបនោះដែរកម្លាំង កម្លាំងនគរបាលឆែកឆេររកឃើញវត្ថុតាងឧបករណ៍ប្រើប្រាស់គ្រឿងញៀនតែប៉ុណ្ណោះ ចំណែកគ្រឿងញៀនវិញ សមត្ថកិច្ចរកមិនឃើញនោះឡើយ ដោយជនសង្ស័យអាចនឹងយកគ្រឿងញៀនទៅកំទេចចោលដើម្បីបំបាត់ភស្ថុតាងគ្រាដែលសមត្ថកិច្ចបើកការហ៊ុំព័ទ្ធចូលឆ្មក់ទៅបង្រ្កាបឃាត់ខ្លួនជនសង្ស័យទាំងនោះ។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបុរី ប្រាប់ឲ្យដឹងថាកការបង្រ្កាបជនសង្ស័យគ្រឿងញៀនខាងលើក្រោយពីកម្លាំងនគរបាលបានចេញស្រាវជ្រាវស៊ើបអង្កេត តាមរយៈនៃការឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន២នាក់ពួកគេជាសង្សារ និងគ្នារួចមកហើយនោះ។កាំភ្លើអាកាបត់ជារបស់ឈ្មោះ ថាត់ រ៉ាម៉ន ហៅកោប ភេទប្រុសអាយុ១៩ឆ្នាំ គ្មានមុខរបរពិតប្រាកដរស់នៅភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ជននេះជាមុខសញ្ញាសកម្មលក់ចែកចាយគ្រឿងញៀននៅក្នុងស្រុកមង្គលបុរី។
លោកអធិការប្រាប់ឲ្យដឹងទៀតថាកាំភ្លើងអាកាបត់ត្រូវបានជនសង្ស័យម្នាក់ដែលជាអ្នកប្រើប្រាស់គ្រឿងញៀនកំពុងអប់រំនៅមណ្ឌលកែប្រែភ្នំបាក់យកមកដូរគ្រឿងញៀនពីឈ្មោះថាត់ រ៉ាម៉ន ហៅកោប។
ពាក់ព័ន្ធនឹងកាំភ្លើងនោះដែរកម្លាំងនគរបាលកំពុងតែបន្តស្រាវជ្រាវស៊ើបអង្កេតបន្ថែមទៀត ថាតើកាំភ្លើងនោះ និងអាចមានការប្រើប្រាស់ជាប់ពាក់ព័ន្ធ និងអំពើប្លន់ប្រដាប់អាវុធកន្លងមកដែររឺយ៉ាងណានោះទេ។ក៏ប៉ុន្តែបើតាមចម្លើយសារភាពពីឈ្មោះ ថាត់ រ៉ាម៉ន ហៅកោប ឲ្យដឹងថា កាំភ្លើងនោះខ្លួនគេគ្រាន់តែយករមករក្សាទុក មិនបានប្រើប្រាស់ទៅគំរាមកំហែងរឺទៅធ្វើអ្វីខុសច្បាប់នោះឡើយ។
ជនសង្ស័យគ្រឿងញៀនទាំង១៤នាក់ បច្ចុប្បន្នកំពុងស្ថិតក្នុងការសាកសួររបស់ កម្លាំងនគរបាលការិយាល័យជំនាញ មុនចាប់បញ្ជូនយកទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕ សំ វិច្ឆិកា