ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង០៩និង០០នាទី លោក សុខ ពេញវុធ អភិបាលនៃគណ:អភិបាលខណ្ឌដូនពេញ បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារចុះបើកវេទិកាសាធារណ:ថ្នាក់ភូមិ នៅភូមិទាំង២៤ ក្នុងសង្កាត់ស្រះចក និងឆ្លើយតប ដោះស្រាយបញ្ហានានាដែលប្រមូលបានតាមរយ:វេទិកានេះ ។
ក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាល បានបន្តទៀតថា ដោយតាមការដឹកនាំនិងចង្អុលបង្ហាញពីអភិបាលរាជធានីភ្នំពេញ ក៏ដូចជាក្រសួងមហាផ្ទៃ គណៈអភិបាលខណ្ឌដូនពេញ បានធ្វើការបែងចែកមន្ត្រីសាលាខណ្ឌចុះបើកវេទិកាសាធារណ:ថ្នាក់ភូមិ ដើម្បីប្រមូលបញ្ហាដែលបងប្អូនប្រជាពលរដ្ឋកំពុងជួបប្រទះ ពិសេសពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថភាព, ការផ្តល់សេវាសាធារណ: ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ដែលនៅមានការខ្វះចន្លោះ។
សូមបញ្ជាក់ជូនថា ក្នុងសប្តាហ៍ទី១ ដើមខែតុលា ឆ្នាំ២០១៧នេះ គណ:អភិបាលខណ្ឌ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលនៃគណ:អភិបាលខណ្ឌដូនពេញ បានចុះបើកវេទិកាសាធារណ:ថ្នាក់ បានចំនួន២៤ភូមិ ក្នុងសង្កាត់ស្រះចក ផងដែរ ៕ ស តារា