ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ជនសង្ស័យ៤នាក់និងថ្នាំញៀកសាងសំរឿងបញ្ជូនទៅតុលាការ

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ សមត្ថកិច្ចចាប់បញ្ជូនជនសង្ស័យ៤នាក់ ដែលប្រើប្រាស់ និងចែកចាយគ្រឿងញៀន រួមទាំងមានកាំបិតផង ទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីកម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជាបន្តបន្ទាប់ កាលវេលាម៉ោង៣ និង៣៦នាទីរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧។

ករណីនេះ ធ្វើឡើងដោយកម្លាំងផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានចុះល្បាតនៅចំណុចភូមិអូរជ្រៅ សង្កាត់-ក្រុងប៉ោយប៉ែត បានជួបមុខសញ្ញាសង្ស័យ២នាក់ ទី១.ឈ្មោះ វណ្ណា រ័ត្ន ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅមិនពិតប្រាកដ និងទី២.ឈ្មោះ ពៅ សីហា ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅមិនពិត្យប្រាកដ ដោយនៅពេលឃាត់ខ្លួន រកឃើញ ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, កាំបិតចុងស្រួច២ដើម និងកន្ត្រៃ១ផង។

ក្រោយពីសួរនាំ និងយោងចម្លើយសារភាពរបស់ជនសង្ស័យខាងលើ សមត្ថកិច្ចបន្តទៅឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត ទី១.ឈ្មោះ ចឿក ដារុន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់ថ្នាំញៀន និងទី២.ឈ្មោះ ត្រិន យ៉េង ភេទប្រុស អាយុ២០ឆ្នាំ ទាំង២នាក់នេះ រស់នៅបន្ទប់ជួល ក្នុងភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានោះ សមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទម្សៅក្រាមសថ្លាចំនួន៨កញ្ចប់តូច និង១កញ្ចប់ធំ, ដបកែច្នៃ១សម្រាប់ជក់ថ្នាំញៀន១សម្រាប់, ដែកកេះ៥ដើម, កន្ត្រៃ២ និងសម្ភារសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានឲ្យដឹងតាមទូរស័ព្ទនៅព្រឹក ថ្ងៃទី១៤ ខែតុលា ថា ពេលនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត សរុប៥នាក់។

លោកបានបន្តថា ចំពោះជនសង្ស័យទាំង៥នាក់នេះ និងបញ្ជូនទៅការិយល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរបន្តរួចទើបកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ វណ្ណា


ចែករំលែក៖