ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់នៅពីក្រោយបទល្មើសនេសាទ

ចែករំលែក៖

លោកឡាយ វិសិដ្ឋប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ត្រូវបានមន្ត្រីជលផលអះអាងថា ជាមេខ្លោងធំនៃការបណ្តែតបណ្តោយឲ្យមានបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប។ ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ម្នាក់ ជាអ្នកដែលកាងបទល្មើសនេសាទទាំងនោះ ដោយឃុបឃិតជាមួយប្រធានមន្ទីរ។ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់បានបញ្ជាឲ្យមន្ត្រីក្រោមឱវាទដើរប្រមូលប្រាក់ពីឈ្មួញដែលប្រព្រឹត្តបទល្មើស យកទៅឲ្យថ្នាក់ដឹកនាំខេត្ត ដែលគេខ្សឹបខ្សៀវថា ត្រូវប្រមូលប្រាក់ឲ្យថ្នាក់ដឹកនាំខេត្តមិនតិចជាង៦ពាន់ដុល្លារនោះឡើយក្នុងមួយខែ។

ប្រភពរាយការណ៍ថា នៅក្នុងចំណោមខេត្តជាប់បឹងទន្លេសាប មានតែខេត្តពោធិ៍សាត់មួយប៉ុណ្ណោះដែលមានបទល្មើសច្រើនជាងគេ។ មិនថារដូវបិទនេសាទ ឬរដូវបើកនេសាទនោះឡើយ បទល្មើសបានកើតឡើងព្រោងព្រាត ដោយសារតែពួកអ្នកនេសាទខុសច្បាប់បានបង់លុយឲ្យសមត្ថកិច្ចជំនាញ។ លោកឡាយ វិសិដ្ឋបានកំណត់ឲ្យមន្ត្រីជលផលតាមផ្នែក តាមសង្កាត់ត្រូវបង់ប្រាក់ឲ្យខ្លួនតាមការកំណត់ បើពុំដូច្នោះទេ នឹងត្រូវប្រើសមត្ថកិច្ចផ្សេងឲ្យទៅចាប់បទល្មើស និងដាក់ពិន័យចំពោះសមត្ថកិច្ចជលផលដែលរកលុយមិនបាន។

គេរាយការណ៍ថា ពួកមន្ត្រីជលផលម្នាក់ៗប្រឹងរកលុយឲ្យមេរបស់ខ្លួន។ ជួនកាលពួកគេចំណេញសល់លុយខ្លះ ប៉ុន្តែជួនកាលក៏ខាតដែរ។ ដោយសារតែអំពើពុករលួយនេះហើយទើបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ខេត្តពោធិ៍សាត់ មិនថមថយបន្តិចសោះ។ បទល្មើសនេសាទគេអាចមើលដោយផ្ទាល់ភ្នែកបាន។ ប៉ុន្តែនៅពេលដែលសមត្ថកិច្ចជំនាញត្រូវរ៉ូវជាមួយឈ្មួញហើយនោះ នៅពេលដែលមានសមត្ថកិច្ចចុះទៅត្រួតពិនិត្យ ពួកគេនឹងទម្លាក់បទល្មើសចូលក្នុងបាតទន្លេ ដូច្នេះគេមិនអាចរកឃើញបទល្មើសឡើយ៕


ចែករំលែក៖