ព័ត៌មានទាន់ហេតុការណ៍៖

រឿងតម្លល់សពធ្វើបុណ្យតារាចម្រៀង សាន ស្រីឡៃ អាចារ្យវត្តសែនសុខម្នាក់ទារលុយ២៦០០​ដុល្លារ​អាមេរិកព្រះចៅអធិការវត្តបដិសេធន៍

ចែករំលែក៖

 

ភ្នំពេញ៖ បន្ទាប់ពីសពអតីតតារាចម្រៀង ដែលកំពុងរៀបចំតម្កល់នៅក្នុងវត្តសែនសុខ មានគ្រូអាចារ្យម្នាក់ ដែលអះអាងថា ជាអាចារ្យនៅវត្តសែនសុខ​ទៅទារលុយពីក្រុមហ៊ុនហង្សមាស ថ្លៃតម្លល់សពតារាចម្រៀងសាន ស្រីឡៃរហូតគំរាមថា បើមិនឲ្យលុយត្រូវដឹក​សពចេញវិញនោះភ្លាមៗនៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ព្រះចៅអធិការវត្តព្រះនាម ភារម្យ បានចេញ មកច្រានចោលទាមទារនេះ ហើយព្រះអង្គថា ជារឿងបុគ្គល។

ព្រះចៅអធិការក៏មានសង្ឃដីកាបន្តថា ករណីមានអាចារ្យទៅទារលុយ ថ្លៃតម្កល់សព គឺព្រះអង្គមិនបានដឹងនោះឡើយ ហើយអាចារ្យរូបនេះ ក៏មិនមែនជា​អាចារ្យប្រចាំវត្តសែនសុខដែរ ពោលគឺអាចា្យប្រចាំវត្តមានចំនួន៩នាក់ ហើយព្រះអង្គបានសុំឲ្យ៥នាក់ មកជួយរៀបចំចាត់ចែងពិធីបណ្យសពនេះ រីឯ៤នាក់ ផ្សេងទៀតជាប់ទៅបុណ្យសពប្រជាពលរដ្ឋផ្សេង។

ព្រះអង្គ ភារម្យ ថា «នៅពេលមានបុណ្យសព គឺអាត្មា និងគណៈកម្មាវត្តគ្រាន់តែសួរម្ចាស់កម្មវិធីថា រៀបចំយ៉ាងដូចម្តេច ដើម្បីឲ្យវត្តជួយចាត់ចែង ហើយគោលការណ៍យកលុយកាក់ សូម្បីតែមួយកាក់មូយសេន ក៏វត្តមិនយកដែរ លើកលែងតែពលរដ្ឋ ចង់ប្រគេនកសាងសមិទ្ធផលក្នុងវត្ត នោះវត្តនឹងទទួល»។

ដោយឡែកមន្ត្រីសាលាខណ្ឌសែនសុខមួយរូប បានប្រាប់ភ្នាក់ងារសារព័ត៌មានក្នុងស្រុកថា អាចារ្យរូបនេះរស់នៅភូមិទី៧ ហើយជាអាចារ្យធំ គ្រូបង្រៀនអាចារ្យ។ អាចារ្យរូបនេះបានមកចាត់ចែង រៀបចំពិធីចាត់ចែងពិធីបុណ្យសព តារាចម្រៀង សាន​ ស្រីឡៃ រហូតមកទារលុយយ៉ាងច្រើនបែបនេះពីក្រុមហ៊ុនហង្សមាស។

ដោយឡែក លោក មាស រិទ្ធី អគ្គនាយករងស្ថានីយទូរទស្សន៍ហង្សមាស និងជាអ្នកអត្ថា ធិប្បាយដ៏ល្បាញល្បីមួយរូបនៅកម្ពុជា បានថ្លែងថា នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ថា វត្តសែនសុខទីកន្លែងតម្កល់សពតារាចម្រៀង សាន ស្រីឡៃ មានអាចារ្យម្នាក់បានទាមទារលុយថ្លៃតម្កល់សព, ថ្លៃអាចារ្យ, ថ្លៃរៀបចំពិធី និងក្តារមឈូស រហូតដល់​២៦០០​ដុល្លារ​អាមេរិក ហើយបានពោលពាក្យមាក់ងាយដល់ក្រុមហ៊ុនហង្សមាសធ្ងន់ៗ ព្រមទាំងបាននិយាយថា ប្រសិនបើមិនឲ្យលុយទេ សូមយកសពទៅវិញ។

លោកបន្តថា អាចារ្យដែលទាមទារលុយនោះឈ្មោះ មាស សំណាង ដែលបានទាមទារលុយដូចជា៖ទី១៖ ប្រ​គេន​ចំ​ពោះ​វត្ត​ស​ម្រាប់​តម្កល់សព ១២៥០ដុល្លារ ទី២៖ អាចារ្យយោគី ៥០០ដុល្លារ ទី៣៖ សម្រាប់វត្តចាត់ចែងពិធី៖ ៧០០ដុល្លារ ទី៤៖​ ក្តារមឈូស ១៥០ដុល្លារ។ ការទាមទារលុយថ្លៃតម្កល់សពនេះ ខាងវត្តសែនសុខមិនបាន​ដឹងរឿងនេះទេ គឺបុគ្គលអាចារ្យតែម្តង ហើយបុគ្គលអាចារ្យរូបនោះបានអះអាងខ្លួនឯងថា ជាអាចារ្យមក​ពីវាំងទៀតផង។

រហូតមកដល់ពេលនេះតាអាចារ្យ មាស សំណាង មិនទាន់ដឹងថា គេចខ្លួនឬយ៉ាងណានោះទេ?៕ តុង សីហា


ចែករំលែក៖