គេរាយការណ៍ថា ផ្លូវជាតិលេខ៨ក្នុងភូមិសាស្ត្រខេត្តព្រៃវែង រងការខូចខាតដោយអន្លើព្រោះតែរថយន្តដឹកលើសទម្ងន់។ ជញ្ជីងថ្លឹងរថយន្តមួយកន្លែងក្នុងឃុំព្រៃព្នៅ ស្រុកពារាំង ខេតព្រៃវែង យកលុយពីរថយន្តដឹកអុស ដឹកស្រូវលើសទម្ងន់។ គេរាយការណ៍ថា ប្រធានមន្ទីរសាធារណការខេត្តព្រៃវែង មិនខ្វល់រឿងផ្លូវខូច ប៉ុន្តែបែរជាមានមោទនភាពចំពោះចំណូលបានមកពីការផាកពិន័យរថយន្តដឹកលើសទម្ងន់ និងយកលុយក្រោមតុពីរថយន្តដឹកលើសទម្ងន់តិចតួច។
គេរាយការណ៍ថា លោកអ៊ុន សុធា ប្រធានគ្រប់គ្រងជញ្ជីងនៅចំណុចឃុំព្រៃព្នៅ ស្រុកពារាំង បាននិងកំពុងកាក់កបយ៉ាងសម្បើមជាមួយនឹងរថយន្តដឹកទំនិញ និងរថយន្តដឹកឈើ។ ពួកឈ្មួញអ្នកមានអំណាចបោះលុយឲ្យក្រុមមន្ត្រីសាធារណការប្រចាំការនៅជញ្ជីងនោះ។ គេឃើញពួកមន្ត្រីសាធារណការរត់ចេញពីបន្ទប់ប្រចាំការទៅរើសលុយដែលឈ្មួញម្ចាស់រថយន្តដឹកទំនិញទម្លាក់ឲ្យ។ រីឯរថយន្តមួយចំនួន ដែលលើសទម្ងន់ ប៉ុន្តែគ្មានខ្នងបង្អែកត្រូវបានពួកមន្ត្រីចាប់ថ្លឹង និងផាកពិន័យយកមុខមាត់។
ប្រជាពលរដ្ឋដែលឃើញទិដ្ឋភាពនិយាយថា រថយន្តដឹកទំនិញលើសទម្ងន់របស់ពួកឈ្មួញមានខ្នងបង្អែក និងមានអំណាចមិនឃើញលោកអ៊ុន សុធាហ៊ានហៅសួរនាំម្តងណាឡើយ។ ពួកមានអំណាចជាថៅកែរថយន្តខ្សែដឹកទំនិញ ជះលុយឲ្យពួកមន្ត្រីដែលជាប្រធានគ្រប់គ្រងជញ្ជីងនៅចំណុចឃុំព្រៃព្នៅ ។ ហេតុដូច្នេះហើយបានជាគេមិនដែលឃើញរថយន្តដឹកលើសទម្ងន់របស់ឈ្មួញ ដែលមានអំណាចចូលកន្លែងថ្លឹងរថយន្តនៅព្រៃព្នៅនោះឡើយ។ រីឯរថយន្តដែលដឹកលើសទម្ងន់តិចតួចត្រូវពួកមន្ត្រីចាប់ឃាត់ឲ្យបង់ផាកពិន័យយកប្រាក់ងាយៗ៕