ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិវៀតណាមម្នាក់កែច្នៃឧបករណ៍យកទៅឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់បាត់បង់ជីវិតភ្លាមៗ ខណៈដែលបុរសរូបនេះកែច្នៃឧបករណ៍ឆក់ត្រីខុសបច្ចេកទេស យកទៅឆក់បែជាឆក់ខ្លួនឯងទៅវិញ ។

ករណីខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៦និង១០នាទីព្រឺក ថ្ងៃព្រហស្បត៍ ទី១៩ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ ង្វៀង យ៉ាំដាំង ភេទប្រុស ជនជាតិវៀតណាម មុខរបរ ជាងសំណង់ សព្វថ្ងៃស្នាក់នៅក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល មានប្រពន្ធឈ្មោះ បោល ឡង់ឌី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ (ត្រូវជាប្ដី) បានយកខ្សែភ្លើងមួយខ្សែដែលមានប្រវែង៥៤ម៉ែត្រ ហើយបានកែច្នៃយកខ្សែភ្លើងនោះទៅដោតជាមួយនឹងព្រីភ្លើងចេញពីផ្ទះបងប្រុសបង្កើតឈ្មោះ ង្វៀង យ៉ាំងយ៉ាវ រួចរាយបន្លាយដល់មាត់ទឹកទន្លេមេគង្គ ដើម្បីឆក់យកត្រី ប៉ុន្តែខណៈនោះ ក៏ខុសបច្ចេកទេស បែរជាឆក់ខ្លួនឯង ដួលស្លាប់នៅនឹងកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនវៀតណាម ស្រែកហៅបងជនរងគ្រោះទៅជួយ រួច ក៏បានយកជនរងគ្រោះមកលើគោក ដើម្បីធ្វើចលនា តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌ពីប្រជាពលរដ្ឋក្នុងករណីឆក់ត្រីបណ្ដាលឲ្យស្លាប់នេះភ្លាម ក៏ចុះមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យទៅលើសាកសពរួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ត្រីខុសបច្ចេកទេស បណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់ពិតប្រាកដមែន ។

ក្រោយពីពិនិត្យចប់ សមត្ថកិច្ចបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖