ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តស៊េរីទំនើបម៉ាក RANG ROVER ត្រូវបានរ៉ឺម៉កកង់បីដឹកឥវ៉ាន់បើកកៀរបណ្តាលឲ្យធ្លាក់កាងខាងមុខ និងស្តុបមុខខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ចំណុចស្តុបព្រះអង្គឌួង ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីនគរបាលចរាចរណ៍ ដែលប្រចាំការនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញរ៉ឺម៉កកង់បីមួយគ្រឿង ពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ1BX 3826 បើកដោយបុរសម្នាក់ ក្នុងទិសដៅស្របគ្នាជាមួយរថយន្តរងគ្រោះ ម៉ាក RANG ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM 1113 ទិសដៅពីត្បូងទៅជើង ខណៈរថយន្តបង្អង់ល្បឿនបំណងឈប់ស្តុប ស្រាប់តែរ៉ឺម៉កកង់បីដែលបើកស្របទិសគ្នា បើកជែងរថយន្តមកខាងឆ្វេងបណ្តាលឲ្យកន្ទុយរ៉ឺម៉កខាងឆ្វេងទាក់កាងរថយន្តខាងស្តាំធ្លាក់កាង និងស្តុបខាងស្តាំតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឲ្យភាគីទាំងសងខាងចរចាគ្នា ហើយភាគីរ៉ឺម៉កកង់បីដឹងខ្លួនឯងខុស បានទូរស័ព្ទហៅបងប្រុសជីដូនមួយឲ្យជួយដោះស្រាយ ដោយព្រមសងថ្លៃខូចខាតទៅម្ចាស់រថយន្ត៦៥០ដុល្លារបញ្ចប់រឿង ៕ ស តារា