ព័ត៌មានទាន់ហេតុការណ៍៖

លោក​សាយ​ សម្ផស្ស​សេរី​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ដំបូង​ខេត្ត​កណ្ដាល ផ្តន្ទា​ទោស​ក្រុម​ចោរប្លន់​ឆ្លង​ខេត្ត​រហស្សនាម​ក្រៃថោង​​ម្នាក់​៨ឆ្នាំ​​

ចែករំលែក៖

ខេត្តកណ្ដាល​៖ លោក​សាយ​ សម្ផស្ស​សេរី​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​តុលា​ ផ្តន្ទា​ទោស​ក្រុម​ចោរប្លន់​ឆ្លង​ខេត្ត​រហស្សនាម​ក្រៃថោង​ និង​ បក្ខពួក​ជា​ច្រើន​នាក់​ ដាក់​ពន្ធនាគារ​ម្នាក់​៨ឆ្នាំ​ ។​ តុលាការ​ បើក​សិទ្ធិ​ឱ្យ​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​ ប្រសិន​បើ​មិន​ពេញចិត្ត​នឹង​សេចក្ដី​សម្រេច​នេះ។​

ក្រុម​ចោរប្លន់​ទាំង​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា​ ធ្លាប់​ធ្វើ​សកម្មភាពប្លន់​ជា​ច្រើន​លើក​ច្រើន​សារ​ និង​ ប្លន់​ឆ្លង​ខេត្ត​ថែម​ទៀត​ផង​ ។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ ជនជាប់ចោទឈ្មោះ ហ៊ុល សុធីហៅ​ ផាន់ គឹមយន់ ហៅក្រៃថោង​ និង​ បក្ខពួក​ជា​ច្រើន​នាក់​ទៀត​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​”លួច​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​ការ​ប្រព្រឹត្ត​​អំពើ​ហិង្សា​​”​ ប្រព្រឹត្ត​នៅ​ភូមិ​ពាម​ ឃុំ​រកា​កោង​១​ ស្រុក​មុខកំពូល​ កាលពី​ថ្ងៃទី​០២​ ខែ​មីនា​ ឆ្នាំ​២០១៦​ តាម​មាត្រា​៣៥៣និង​៣៥៧នៃ​ក្រម​ព្រហ្មទណ្ឌ​។

លោក​រឿន​ ណារ៉ា​ ស្នងការ​រង​នគរបាល​ខេត្ត​កណ្ដាល​ ធ្លាប់​ថ្លែង​ថា​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ចោរប្លន់​ទ្រង់ទ្រាយ​ធំ​នេះ​ ក្រោយ​ពី​កើត​មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​ ផ្ទុះ​ផ្ទេរ​ប្រាក់​វីង​ ក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រែក​តាកូវ​ ស្រុក​ខ្សាច់កណ្ដាល​ កាលពី​យប់​ថ្ងៃទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៥​ ។

ក្រុម​ចោរប្លន់​ទាំង​នេះ​ ត្រូវបានឃាត់ខ្លួនជាបន្ដបន្ទាប់​កាលពី​ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៦ នៅក្នុងភូមិ​សាស្ត្រ​ខេត្ដកណ្ដាល ខេត្ដកំពង់ចាម និងរាជធានីភ្នំពេញ ។

ក្នុងប្រតិបត្ដិការបង្រ្កាបនេះសមត្ថកិច្ច ដកហូត កាំភ្លើងខ្លី ម៉ាក​K59 មួយ​ដើម​និងម៉ូតូ៥គ្រឿង ជាមធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​៕ ចេស្តា


ចែករំលែក៖