ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់គាំងបេះដូងស្លាប់ សង្ស័យប្រើប្រាស់ថ្នាំញៀននៅមជ្ឈមណ្ឌលកំសាន្តរ៉ុក?

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ត្រូវមិត្តភក្តិនាំចូលទៅមជ្ឈមណ្ឌលកំសាន្តរ៉ុក លេងកំសាន្ត និងប្រើប្រាស់ថ្នាំញៀនជ្រុលរហូតដល់ គាំងបេះដូចស្លាប់ ក្រោយពេលដឹកបញ្ជួនទៅដល់មន្ទីរពេទ្យកាល់ម៉ែត ខណៈនាងទើបនឹងមកពីខេត្តដើម្បីចូលរួមក្នុងពិធី បុណ្យអុំទូក ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ បូ សំភី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ ស្នាក់នៅស្រុកក្រែក ស្រុកត្បូងឃ្មុំ។ ចំណែកមិត្តភក្តិពីរនាក់ទៀតមានឈ្មោះមុំ នារតី ហៅលីនណា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរដូចគ្នាស្នាក់នៅកន្លែងធ្វើការ និងមិត្តភក្តិទី២ ឈ្មោះកុយ សុភឿន ភេទស្រី អាយុ២៥ឆ្នាំ ។

បើតាមប្រភពពីមិត្តភក្តិជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា ពួកគេទាំងបីនាក់ រួមនឹងជនរងគ្រោះបាននាំគ្នា មកដល់ភ្នំពេញនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ក្នុងគោលបំណងមកលេងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ។

ក្រោយពីហូបបាយរួច ពួកគេនាំគ្នាដើរកំសាន្ត លុះដល់ម៉ោង០០និង១០នាទីរំលងអធ្រាត្រ ក៏នាំគ្នា ចូលមជ្ឃមណ្ឌលកំសាន្តរ៉ុកដើម្បីរាំលេងកំសាន្តបន្ត ដោយផឹកស្រាបៀរថៃហ្គ័រ លាយកូកាកូឡា និងបានប្រើប្រាស់ ថ្នាំញៀនប្រភេទគ្រវី ។ បន្ទាប់ពីផឹកស៊ីរួច នៅវេលាម៉ោង៣និង០០នាទីរំលងអធ្រាត្រ ជនរងគ្រោះ មានអការស្លេកស្លាំងខ្លួនប្រាណ ដោយស្មានថាគាត់ផឹកស្រវឹងពេក ក៏ពឹងសន្តិសុខក្នុងមជ្ឃមណ្ឌកំសាន្តរ៉ុកឲ្យជួយហៅ រថយន្តដឹកមកផ្ទះសំណាក់វល្លិ៍មាស បន្ទប់លេខ១២៣ ហើយពេលចូលមកដល់ផ្ទះសំណាក់បានប្រហែល២០នាទី ក៏មិត្តភក្តិគាត់បានសន្លប់បាត់មាត់ បាត់ក ហើយក៏ប្រញាប់ហៅម៉ូតូរ៉ឺម៉កកង់បី ដឹកយកមកមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះ ប៉ុន្តែពេលដឹកទៅដល់ម៉ោង៥និង៣០នាទីទៀបភ្លឺ គ្រូពេទ្យក៏បានឆ្លើយប្រាប់ថា អស់លទ្ធភាពសង្រ្គោះហើយ។

ក្រោយមក ក៏ប្ដឹងសមត្ថកិច្ចដើម្បីជួយកោសល្យវិច័យពិនិត្យសព រកមូលហេតុដើម្បីឆ្លើយប្រាប់ក្រុមគ្រួសារឲ្យបានច្បាស់លាស់ ត្រឹមត្រូវដោយស្លាប់ស្រស់ៗពេក ហើយគ្មានអ្នកណាបានប្រព្រឹត្តអ្វីមកលើមិត្តភក្តិគាត់ដែលជាជនរងគ្រោះនោះដែរ ។

បើតាមសម្តីមិត្តភក្តិនារីរងគ្រោះបាននិយាយបំភ្លឺប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោងរំលងអធ្រាត្រ ពួកគាត់បាននាំគ្នាទៅ រាំលេងកំសាន្ត នៅមជ្ឈមណ្ឌលរ៉ុក ដោយនៅទីនោះពួកគេ បានហៅ ស្រាបៀថៃហ្គ័រ ផឹកលាយជាមួយនឹងភេសជ្ជៈកូកាកូឡា និងបានហៅថ្នាំញៀនប្រភេទគ្រវី ដែលគេលក់នៅទីនោះប្រើ និងរាំលេងកំសាន្ត លុះរហូតដល់ម៉ោងបីយប់ ជនរងគ្រោះមានអការស្លេកស្លាំង ទន់ខ្លួន ពួកគេស្មានតែជនរងគ្រោះស្រវឹងក៏ នាំមកផ្ទះសំណាក់នារីរងគ្រោះក៏សន្លប់បាត់មាត់បាត់ករ រួចក៏បនតបញ្ជួនទៅមន្ទីរពេទ្យ ក៏ស្លាប់តែម្តង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះស្លាប់ដោយគាំងបេះដូចដោយសារប្រើប្រាស់សារជាតិញៀនជ្រុល ។ បច្ចុប្បន្នសពត្រូវគ្រួសារដឹកយកទៅស្រុកកំណើតតាមប្រពៃណី។

ពាក់ពន្ធ័នឹងការចោទថាមជ្ឈមណ្ឌលកំសាន្តរ៉ុកក្លាយជាកន្លែងប្រើប្រាស់ថ្នាំញៀនធ្វើឲ្យនារីម្នាក់គាំងបេះដូចស្លាប់ គេហទំព័រយើងមិនអាចសុំការបំភ្លឺពីភាគីមជ្ឈមណ្ឌលកំសាន្តរ៉ុកបានទេ ៕ សុខ ខេមរា


ចែករំលែក៖