ភ្នំពេញ៖ កាលពីវេលាម៉ោង២២ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី២ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យ១នាក់ពីបទលួចកាបូបនិងទូរស័ព្ទដៃ នៅចំណុចក្នុងផ្ទះសំណាក់យីហោ សំណាង បន្ទប់លេខ០០៤ មានទីតាំងផ្ទះលេខ២៩.៣១ ផ្លូវលេខ៨១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ វី ដានិត ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៥ ផ្លូវលេខ១១៩ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ រីឯជនរងគ្រោះ ឈ្មោះ គុជ វីរីយ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅផ្ទះលេខ៤៣២ ផ្លូវលេខ៥៨៨ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សម្ភារបាត់បង់មានកាបូបដៃមួយ លុយចំនួន២៥០ដុល្លារ ទូរសព្ទ័ដៃមួយម៉ាកអាយហ្វូន៧ផ្លើស អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយ និងប័ណ្ណសម្គាល់ឈ្មោះនិស្សិតមួយ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕