ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់អណ្តែតក្នុងប្រឡាយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ចំណុចភូមិជ័យឧត្ដម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ ឆុង សាង ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិ កំពង់បឹងឃុំកំពង់បឹង ស្រុកមេសាង ខេត្តព្រៃវែង បច្ចុប្បន្នធ្វើកម្មករឡឥដ្ឋ ភូមិជយ័ឧត្ដម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ឈ្មោះ សាង សី ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវជាកូនបង្កើតសពរងគ្រោះ បានឲ្យដឹងថា នៅម៉ោង៦ល្ងាចថ្ងៃទី៣ វិច្ឆិកា ២០១៧ ឪពុកខ្លួនបានដើរទៅមើលមងនៅក្នុងប្រឡាយទី៣ ក្រោយឡឥដ្ឋ ក្នុងភូមិឃុំកើតហេតុ លុះដល់ម៉ោង៨យប់ថ្ងៃខែឆ្នាំដដែល មិនឃើញឪពុកខ្លួនឡើងមកផ្ទះវិញ ក៏នាំគ្នាផ្អើលតាមរកឪពុក រហូតដល់ម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក៏ប្រទះឃើញពីដុងជរ័អណ្ដែតលើទឹក ដោយមានខ្សែចងជាមួយសព។
សមត្ថកិច្ចប៉ុស្តិ៍សំរោងធំឲ្យចុះមកពិនិត្យសព ដោយសមត្ថកិច្ចបញ្ជាក់ថា លើសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ សពស្លាប់ដោយលង់ទឹក។ ពិនិត្យរួចសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕