ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការនៅស្រុកស្ទឹងហាវ កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឲ្យដឹងថា បន្ទាប់ពីមានក្រុមហ៊ុនវិនិយោគបរទេសជាច្រើនក្រុមហ៊ុន បានមកបណ្តាក់ទុននៅក្នុងខេត្តព្រះសីហនុថ្មីៗនេះបានធ្វើឲ្យវិស័យអចលនទ្រព្យ ដីធ្លីមានហាងឆេងងើបឡើងវិញ។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា ព្រមជាមួយគ្នានេះផងដែរ ករណី ជម្លោះដីធ្លី ករណីរំលោភយកអចលនទ្រព្យរបស់រដ្ឋ នៅស្រុកស្ទឹងហាវ ក៏បាននិងកំពុងតែកើនឡើងជាបណ្តើរៗហើយ បង្កជាបញ្ហាធ្វើឲ្យអាជ្ញាធរមូលដ្ឋានឈឺក្បាល ហើយពេលខ្លះ ក៏បានសើមមាត់សើមកជាមួយសំណុំរឿងដ៏សែនស្មាញស្មុគនោះផងដែរ។
ជាក់ស្តែង ករណីលោកឈឹម ហួរ ដែលអះអាងថា ជាម្ចាស់ក្បាលដីដែលមានព្រំប្រទល់ជាប់នឹងអូរធម្មជាតិ មួយកន្លែងនៅចំណុចចំការម្រេច ស្ថិតនៅក្នុងភូមិ០៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលបានជួលដីឲ្យទៅក្រុមហ៊ុនណាវ៉ារ៉ាត់ខេមបូឌាខូអិលធីឌី បាននិងកំពុងតែបើកដៃឲ្យក្រុមហ៊ុនខាងលើដឹកដីមកចាក់លុបយកអូរធម្មជាតិដើម្បីពង្រីកទីតាំងដីរបស់ខ្លួន សម្រាប់បំរើការងារឲ្យក្រុមហ៊ុនដែលបានជួលពីលោកឈឹម ហួរ ដែលសកម្មភាពខាងលើនេះ ត្រូវបានមតិអ្នកច្បាប់លើកឡើងថា នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា÷ អូរ ស្ទឹង បឹងបួរ។ល។ ជាអចលនទ្រព្យរបស់រដ្ឋ មិនមានបុគ្គលណាម្នាក់រំលោភយកធ្វើជាកម្មសិទ្ធិឯកជនបានទេ ហើយរាល់ការសាងសង់សំណង់ផ្សេងៗ ក៏ត្រូវមានគម្លាតពីចំណីអូរផងដែរ ។ ប្រភពខាងលើបានបន្តថា សកម្មភាពលោកឈឹម ហួ ខាងលើកំពុងតែលេងល្បែងកន្ទេលធំ បន្លំដេក និងត្រីងៀតឆ្លៀតពងហើយពេលនេះ។
តំណាងក្រុមហ៊ុនខាងលើបានឲ្យដឹងថា ក្រុមហ៊ុនបានជួលដីពីលោក ឈឹម ហួរក្នុងរយ:ពេល២០ខែ ក្នុងមួយខែ តម្លៃ៥០០ដុល្លារអាមេរិកសម្រាប់ផ្ទុកដីដែលដឹកចេញពីការដ្ឋានធ្យូងថ្ម ។ បញ្ហាច្បាប់អនុញ្ញតនានា ជាបន្ទុករបស់ម្ចាស់ដីដែលមាននៅក្នុងកិច្ចចុះហត្ថលេខារវាងក្រុមហ៊ុន នឹងម្ចាស់ដី ប្រសិនបើក្រុមហ៊ុនមិនអាចដំណើរការបាន ម្ចាស់ដីត្រូវតែអនុវត្តទៅតាមច្បាប់ដែលមានក្នុងកិច្ចចុះហត្ថលេខាតែប៉ុណ្ណោះ។
ដោយឡែក លោក ស៊ុន ពិសីអភិបាលរងស្រុកស្ទឹងហាវ ដែលចុះទៅបញ្ឈប់សកម្មភាពរថយន្តដឹកដីចាក់លុបអូរធ្មជាតិនៅទីតាំងខាងលើនេះ បានឲ្យដឹងថា ក្រុមហ៊ុនខាងលើនៅមិនទាន់មានច្បាប់អនុញ្ញតពីអាជ្ញាធរស្រុកក្នុងការបើកការដ្ឋាននៅឡើយទេ ដូច្នេះ ក្រុមហ៊ុនត្រូវតែផ្អាកសកម្មភាពដឹកដីមកចាក់ក្នុងការដ្ឋានខាងលើ ហើយបើនៅតែរឹងរុស លោកនឹងចាត់ការទៅតាមនិតិវិធីឃាត់យករថយន្តទៅរក្សាទុកនៅសាលាស្រុកសិន។ ដោយឡែកលោក ឆាយ សុគន្ធដាអភិបាលស្រុកស្ទឹងហាវ ក៏បានឲ្យដឹងផ្សេងពីលោកអភិបាលរងស្រុកទៅវិញថាខាងម្ចាស់ដីខាងលើបានមកសុំច្បាប់ហើយ ប៉ុន្តែលោកមិនមែនឲ្យចាក់ដីលុបអូរធម្មជាតិនោះទេ ដែលអាចមានបញ្ហាប្រឈមបាត់ផ្លូវទឹក បង្កហានិភ័យដល់វិថីឆ្លងកាត់នារដូវវស្សាខាងមុខ។ ដូច្នេះម្ចាស់ដីចាំបាច់ផ្អាកសកម្មភាពជាមួយក្រុមហ៊ុនខាងលើសិនរង់ចាំមន្ត្រីការិយាល័យភូមិបាលស្រុក ចុះបោះបង្គោលកំណត់គម្លាតពីចំណីអូរឲ្យបានង្រឹមត្រូវជាមុនសិនទើបអាចបន្តសកម្មភាពបានបន្តទៀត។
ដោយឡែកលោក ឈឹម ហួរម្ចាស់ដីខាងលើបានឲ្យដឹងបែបមិនមានការទទួលខុសត្រូវថា លោកមិនបានឲ្យក្រុមហ៊ុនខាងលើដឹកដីចាក់លុបអូរខាងលើនេះទេ ហើយលោក ក៏មិនបានជួលដីឲ្យទៅក្រុមហ៊ុនខាងលើនោះដែរ ដោយហេតុថា ខាងក្រុមហ៊ុនត្រូវកាយដីចេញពីការដ្ឋាន ហើយមិនមានកន្លែងចាក់ ទើបលោកទទួលយកមកចាក់ក្នុងដីកម្មសិទ្ទិរបស់លោកតែប៉ុណ្ណោះ។ ប៉ុន្តែបើលោកអភិបាលរងស្រុកខាងលើមិនបានចុះមកឃាត់បានទាន់ពេលវេលានោះទេ ពិតជាអង្ករក្លាយជាបាយ ឬ រំលោភបានសម្រេចតែម្តង ៕ ឆ្លាម សមុទ្រ