ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់បងប្អូនជិះម៉ូតូឌុបគ្នាត្រូវរថយន្តហ៊ីយាន់ដាយបើកបុកពីក្រោយបណ្តាលឲ្យស្លាប់មួយ របួសធ្ងន់មួយ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសពីរនាក់បងប្អូនជិះម៉ូតូឌុបគ្នាពីកើតទៅលិច ត្រូវរថយន្តហ៊ីយាន់ដាយបើកមកបុកពីក្រោយពេញទំហឹងបណ្តាល ឲ្យប្អូនស្លាប់ បន្ទាប់ពីបញ្ជួនមកដល់មន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក ចំណែកបង​រងរបួសធ្ងន់ បានបញ្ជួនយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញ ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឲ្យមានភាពផ្អើលកាលពី វេលាម៉ោង១៦និង២៩នាទី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវក្រាលក្រួសក្រហម តំបន់សូងសាង ស្ថិតនៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យកាសែតនគរវត្តដឹងថា មុនពេលកើតហេតុ បុរស២នាក់បងប្អូននាំគ្នាជិះ ម៉ូតូឌ្រីម សង់ C125ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1A 1426 មកដល់កន្លែងកើតហេតុ ក៏ត្រូវរថយន្ដបើកមកបុកពីក្រោយពេញទំហឹងតែម្ដង​ ធ្វើឲ្យជនរងគ្រោះទី១ ឈ្មោះ សូត ស៊ន ភេទប្រុស អាយុ៤៨ឆ្នាំ រងរបួសធ្ងន់ (បង) ទី២ឈ្មោះ សូត សឿន ភេទប្រុស អាយុ៤២ឆ្នាំ (ប្អូន)បានដាច់ខ្យលើស្លាប់បន្ទាប់ពីបញ្ជួនមកដល់បន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក ទាំង២នាក់មានទីលំនៅភូមិ បន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ចំណែក រថយន្តបង្ក ម៉ាក ហ៊ីយីនដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C 8040 តៃកុងរថយន្តចុះរត់គេចខ្លួនបាត់ស្រមោលមិនទាន់ដឹងអត្តសញ្ញាណ។

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង កត់កំណត់ហេតុ ប្រមូលវត្ថុតាង អូសរថយន្ត និងម៉ូតូមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកសន្ទុក និង ស្រាវជ្រាវរកម្ចាស់រថយន្ដដើម្បីឲ្យចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់ ។ សាកសពត្រូវសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន​រិទ្ធី


ចែករំលែក៖