ភ្នំពេញ៖ បុរសម្នាក់ដោយសារតែខឹងម្ចាស់ហាងម៉ាស្សាបិទទ្វារ ក៏វាយកញ្ចក់បំបែកអស់២ផ្ទាំង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចហាងម៉ាស្សាយីហោ មហាហេង ផ្លូវបេតុង ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះម្ចាស់ហាងមានឈ្មោះ នាង ឆវី ភេទស្រី អាយុ២៥ឆ្នាំ មានមុខរបរថៅកែហាងម៉ាស្សា យីហោ មហាហេងស្នាក់នៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យឈ្មោះ វ៉ាង វ៉ង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសខាងលើបន្ទាប់ពីផឹកស៊ីស្រវឹងស្រឿង ហើយបានដើរទៅរកកន្លែងម៉ាស្សាសម្រួលសរសៃ ក្រែងបានស្វាង ខណៈទៅដល់ចៃដន្យម្ចាស់ហាងដល់ម៉ោងបិទទ្វារ ឡើងដេកបាត់អស់ ស្រាប់តែបុរសនោះបានអង្រួនទ្វារ និងស្រែកឡូឡាឲ្យបើកទ្វារដើម្បីចូលទៅម៉ាស្សា រហូតខឹងសម្បារ វាយបំបែកកញ្ចក់ទ្វារអស់ចំនួន២ផ្ទាំង ម្ចាស់ហាងរាយការណ៍ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ។
បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍កសាងសំណុំរឿងបញ្ជូនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌដើម្បីចាត់ការបន្តតាមនីតិវិធី ៕ សុខាសែនជ័យ