នៅក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃ នៃ រដ្ឋមន្ត្រី ការបរទេសអាស៊ី និងអឺរ៉ុប ដែលចាប់ផ្តើមនៅថ្ងៃទី២០ខែវិច្ឆិកានេះ នៅក្នុង ប្រទេសមីយ៉ាន់ម៉ា វិបត្តិពាក់ព័ន្ធនឹងជនជាតិរ៉ូហ៊ីងយ៉ានឹងមិនលើកយកមកពិភាក្សាឡើយ។
នៅក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប នឹងមិន ពិភាក្សាដោយផ្ទាល់ អំពីវិបត្តិដែលពាក់ ព័ន្ធនឹង ប្រជាជនមូស្លីមរ៉ូហ៊ីងយ៉ាជាង ៦០ម៉ឺននាក់ ដែលបានភៀសខ្លួន ចាប់ តាំងពីខែសីហា ពីរដ្ឋរ៉ាក់ឃីន នៅភាគ ខាងជើង ប្រទេសមីយ៉ាន់ម៉ា ទៅកាន់ ប្រទេសបង់ក្លាដែស ដើម្បីគេចពីអំពើ ឃោរឃៅ ដែលបានប្រព្រឹត្តដោយ កង កម្លាំងសន្តិសុខរដ្ឋាភិបាល ។
យោងតាមសេចក្តីព្រាង សេចក្តីថ្លែង ការណ៍ ដែលត្រូវបានចេញផ្សាយ បានឲ្យ ដឹងថា រដ្ឋមន្រ្តីនឹងបន្តបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការប្រយុទ្ធ ប្រឆាំងនឹង អំពើភេរវកម្មនិងភាព ជ្រុល និយមដោយអំពើហិង្សា ដោយមធ្យោបាយ បង្ការការ ប្រើប្រាស់បច្ចេកវិទ្យា គមនាគមន៍ មិនត្រឹមត្រូវ ដើម្បីផ្សព្វផ្សាយការឃោសនាភេរវកម្ម និងភាពជ្រុលនិយមដោយអំពើ ហិង្សា ។
ក៏ប៉ុន្តែប្រមុខការទូតអឺរ៉ុប លោកស្រី Federica Mogherini នឹងជួបលោកស្រីអ៊ុង សាន ស៊ូជីដោយផ្ទាល់លើបញ្ហាជនជាតិរ៉ូហ៊ីងយ៉ាងនាថ្ងៃចន្ទ ២០វិច្ឆិកានេះ ប្រមុខការទូតសហភាពអឺរ៉ុបចង់ផ្តោះប្តូរទស្សនៈយល់ឃើញចំពោះការដោះស្រាយវិបត្តិនេះ ជាមួយលោកស្រីស៊ូជី។
មុននឹងជួបលោកស្រី អ៊ុងសាន ស៊ូជី នៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ានៅ ថ្ងៃចន្ទនេះ លោកស្រីប្រមុខការទូតអឺរ៉ុប Federica Mogherini និងរដ្ឋមន្ត្រីការបរទេសមកពីប្រទេសផ្សេងទៀត មានរដ្ឋមន្ត្រីការ បរទេសជប៉ុន បង់ក្លាដែស ស៊ុយអែត និង អាល្លឺម៉ង់ សុទ្ធតែបានធ្វើទស្សនកិច្ច នៅជំរំ ភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ា ក្នុងទឹកដីបង់ ក្លាដែសរួចហើយ។ រដ្ឋមន្ត្រីការបរទេសទាំងអស់នេះក៏បានស្តាប់សាក្សីរ៉ាយរ៉ាប់នៅទីនោះដែរ។
យោងតាមលោកស្រីប្រមុខការទូត សហភាពអឺរ៉ុប ជំនួបជាមួយលោកស្រីស៊ូជី នៅមីយ៉ាន់ម៉ានៅ ថ្ងៃចន្ទនេះ ជាឱកាស ផ្តោះប្តូរជាមួយលោកស្រីស៊ូជី នូវទស្សនៈ យល់ឃើញ ទាក់ទងការដោះស្រាយវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ យោងតាមប្រមុខ ការទូតអឺរ៉ុប ការជួបជាមួយលោកស្រីស៊ូជីមិនមែនជាការដាក់សម្ពាធអ្វីទេ តែជាការស្វែងរកបែបផែនក្នុងការពិភាក្សាច្រើនជាង។ លោកស្រីស៊ូជីតែងរងការរិះគន់ថា បិទភ្នែក មិនអើពើចំពោះជនជាតិរ៉ូហ៊ីងយ៉ា ដែលរងការធ្វើបាបពីអ្នកកាន់ពុទ្ធសាសនាជ្រុលនិយមក្នុងស្រុក ក៏ដូចជាពីសំណាក់ កងទ័ព។
សព្វថ្ងៃនេះ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅជំរំភៀសខ្លួនបង់ក្លាដែស បានកើនដល់៦០ ម៉ឺននាក់។ ពួកគេបានគេចខ្លួនពីហិង្សា យោធា រដ្ឋរ៉ាក់ឃីនភាគខាងលិច តាំងពីខែ សីហាមក។ ក្រោយក្រុមឧទ្ទាមរ៉ូហ៊ីងយ៉ា វាយប្រហារលើប៉ុស្តិ៍ប៉ូលិស កាលពីខែសីហា កងទ័ពមីយ៉ាន់ម៉ាបានបើកប្រតិបត្តិការបោសសម្អាត នៅរដ្ឋរ៉ាក់ឃីន។
កងទ័ពមីយ៉ាន់ម៉ាចោទថា ជនជាតិរ៉ូហ៊ីងយ៉ាដែលរត់ភៀសខ្លួនចេញពីមីយ៉ាន់ម៉ាសុទ្ធតែជាក្រុមភេរវជនដែលនាំទាំងក្រុមគ្រួសារ គេចទៅបង់ក្លាដែស។ កងទ័ពមីយ៉ាន់ម៉ា ថែមទាំងទាត់ចោលនូវការចោទប្រកាន់របស់អង្គការសហប្រជាជាតិដែលវាយតម្លៃថា ប្រតិបត្តិការយោធាមីយ៉ាន់ម៉ាជាការបោសសម្អាតពូជសាសន៍។ ប្រមុខទ័ពមីយ៉ាន់ម៉ា មីន អ៊ុងឡាំង ទើបតែដាក់ លក្ខខណ្ឌនៅ សប្តាហ៍កន្លងទៅថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាអាចត្រលប់ចូលស្រុកមីយ៉ាន់ម៉ាវិញ លុះត្រាតែជនជាតិមីយ៉ាន់ម៉ាម្ចាស់ស្រុកយល់ព្រមទទួលពួកគេ។
ការពិភាក្សាវិបត្តិរ៉ូហ៊ីងយ៉ា រវាងរដ្ឋាភិបាលមីយ៉ាន់ម៉ានឹងបង់ក្លាដែសទៀតសោត ក៏ ជួបបញ្ហាស្មុគស្មាញ ដោយសារតែភាគីចរចាមិនត្រូវរ៉ូវគ្នាលើអត្តសញ្ញាណ និងកូតាជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលត្រូវត្រលប់ទៅ មីយ៉ាន់ម៉ាវិញ៕ ម៉ែវ សាធី