ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះរដ្ឋបាលឆែកឆេរផ្ទះសំណាក់ យីហោ ហេង ហួរ ឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់ ជាមុខសញ្ញា ចែកចាយថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយ លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌ សហការជាមួយមន្រ្តីនគរបាលមូលដ្ឋាន​និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ ចុះរដ្ឋបាលឆែកឆេរផ្ទះសំណាក់យីហោ ហេង ហួរ ស្ថិតនៅផ្លូវលេខ២២១ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ជាលទ្ធផលកម្លាំងចម្រុះបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្នុងនោះ មានស្រីម្នាក់ ជាមុខសញ្ញា លក់ចែកចាយ រួមទាំងប្រើប្រាស់គ្រឿងញៀន ។

ក្នុងប្រតិបត្តិការនោះដែរ បានធ្វើឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ចុះឆែកឆេរផ្ទះសំណាក់មួយកន្លែង យីហោ ហេង ហួរ ស្ថិតនៅផ្លូវ២២១ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។

លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក បានឲ្យដឹងថា ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ ឲ្យមានសុវត្ថិភាពល្អប្រសើរ​ និងទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់ ជាពិសេសក្រុមក្មេងស្ទាវដែរតែងតែនាំគ្នាមកជួលផ្ទះសំណាក់ស្នាក់ដើម្បីប្រើប្រាស់និងចែកចាយគ្រឿងញៀននោះ ដូច្នេះទើបលោកដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បន្តចុះឆែកឆេរទីតាំងផ្ទះសំណាក់និងសណ្ឋាគារ ក្នុងមូលដ្ឋានរបស់លោកដូចភ្លៀងរលឹម ។

លោកអភិបាលរង បានបន្តទៀតថា ក្នុងការបង្ក្រាបនេះដែរ ជាលទ្ធផលជាក់ស្តែង កម្លាំងចម្រុះបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្នុងនោះ មានស្រីម្នាក់ ជាមុខសញ្ញា លក់ចែកចាយ រួមទាំងប្រើប្រាស់គ្រឿងញៀន ។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវបានបញ្ជូនទៅសាកសួរបន្តនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតីវិធី៕ ស តារា

 


ចែករំលែក៖