ព័ត៌មានទាន់ហេតុការណ៍៖

យុវសិស្ស២នាក់ឆក់កាបូបស្ពាយបានម្រេច តែត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ យុវសិស្ស២នាក់ បានបែកគំនិតធ្វើសកម្មភាពឆក់កាបូបស្ពាយ ពីនារីម្នាក់បានសម្រេចហើយព្យាយាមជិះរត់គេចខ្លួន ប៉ុន្តែត្រូវកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី១ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៨និង៤០​នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅត្រង់ចំណុចនៅមុខផ្ទះលេខ១៩៥២៨ ក្រុម២៥ ភូមិ៧​ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។​

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ​ ហេង​ ជូឡេង​ ភេទស្រី​ អាយុ២៥​ មុខរបរបបុគ្គលិកក្រុមហ៊ុនឯកជន​ ស្នាក់នៅផ្ទះលេខ៩៨៧​ ផ្លូវលំ​ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ ។រីឯជនសង្ស័យទាំង២នាក់ទី១ឈ្មោះ​ ទី១ឈ្មោះ​ ឡុង អៀង ភេទប្រុស​ អាយុ១៦ ជាសិស្ស​ ស្នាក់នៅម្ដុំសំរោងអណ្ដែត​ ; ទី២ឈ្មោះ​ ហេង សុភ័ត្រា ភេទប្រុស​ អាយុ ១៥ ជាសិស្ស​ ស្នាក់នៅផ្ទះម្ដុំផ្សារសំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។​

សមត្ថកិច្ច បានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះមានគ្នាពីរនាក់ជិះម៉ូតូឌុបគ្នា តាមផ្លូវលេខ៥២៨លុះជិះមកដល់ចំណុចកើតហេតុ​ ស្រាប់មានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកស៊ុយស៊ីគី និក​ ពណ៌ស​ ស្លាកលេខ ភ្នំពេញ 1GH 1138 មកពីក្រោយជនរងគ្រោះ រួចធ្វើសកម្មភាពឆក់កាបូបស្ពាយចំហៀងពីនារីរងគ្រោះបានសម្រេច ហើយជនសង្ស័យព្យាយាមជិះរត់គេចខ្លួន តែត្រូវអ្នកឃើញហេតុការណ៌បើករថយន្តកៀរផ្ដួលម៉ូតូរបស់ជនសង្ស័យតែត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗយកទៅកាន់ប៉ុស្តិ៍នគរបាលបឹងកក់ទី១ ដើម្បីសាកសួរផងដែរ ។​

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលបឹងកក់ទី១​ និងកាបូបនារីរងគ្រោះត្រូវសមត្ថកិច្ចប្រគល់អោយជនរងគ្រោះវិញ។

បច្ចុប្បន្ន​ជនសង្ស័យត្រូវសមត្ថកិច្ចនាំខ្លួនកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់​ ៕ស តារា


ចែករំលែក៖