ភ្នំពេញ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច តំណាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា៖ អាចារ្យ អាចារិនី បានដើរតួនាទី ដ៏សំខាន់ ក្នុងការជួយពង្រឹង អប់រំសីលធម៌ ចរិយាធម៌សង្គម រស់នៅប្រកបដោយ សុខដុមរមនាជាមួយគ្នា ។
ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ និងជាកម្លាំងដឹកនាំចរិយាធម៌សង្គម ឲ្យមនុស្សគ្រប់រូប ដើរតាមផ្លូវល្អ មិនតែប៉ុណ្ណោះ ព្រះពុទ្ធសាសនា ក៏ត្រូវចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណ ប្រយោជន៍ដល់ការថែរក្សា ការពារ សេចក្តីសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿង សម្បូរ សប្បាយ។ លោកស្រីម៉ែន សំអន បានបញ្ជាក់បែបនេះ ខណៈលោកស្រី ចូលរួម ក្នុងពិធីសំណេះសំណាលជាមួយតំណាងអាចារ្យ អាចារិនី មកពីទូទាំងប្រទេសចំនួន១០០០ រូប នៅវិទ្យាស្ថានជាតិអប់រំ ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ ពិធីជួបសំណេះសំណាល ជាមួយអាចារ្យ អាចារិនី នៅទូទាំងប្រទេសចំនួន១០០០រូបនាពេលនេះ គឺស្របទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិ តែនៅមានបញ្ហាជាច្រើន ដែលត្រូវ ដោះស្រាយ ដោយឈរលើទស្សនៈព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម។
លោកស្រីបានធ្វើការអំពាវនាវ ដល់អាចារ្យ អាចារិនី ទាំងអស់ មេត្តាចូលរួមបំពេញ តួនាទី និងភារកិច្ច ទាំងឡាយ ដើម្បីជាគុណ ប្រយោជន៍ដល់ការថែរក្សា ការពារ សេចក្តី សុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិ ឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿង សម្បូរ សប្បាយ។
ទន្ទឹមនិងនេះ អាចារ្យ អាចារិនី ខ្លួនឯងក៏ត្រូវពង្រឹង គុណភាពលើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងជួរអាចារ្យ អាចារិនី ត្រូវផ្សាភ្ជាប់នឹងបច្ចេកវិទ្យាទំនើប ដើម្បីកិច្ចការសាសនា សណ្តាប់ធ្នាប់ល្អ ធានាបាននូវសាមគ្គីភាពក្នុងជួរពុទ្ធសាសនា ជាប្រការសំខាន់បំផុត។ តាមរយៈការ សិក្សា ប្រទេសជាតិយើងទទួល បាន នូវអ្នកមានចំណេះដឹងជាច្រើន ជាពហុស្សូត ដែលជាសសរទ្រូងដ៏រឹងមាំរួមចំណែក ថែរក្សា ការពារវប្បធម៌ ប្រពៃណីជាតិ អរិយធម៌ តាមគន្លងព្រះធម៌ ដែលជាអត្តសញ្ញាណជាតិកម្ពុជាយើង ហើយការយកចិត្តទុកដាក់ ចំពោះ ការសិក្សាអប់រំ ជាការ ចាំបាច់ដែលត្រូវពង្រឹង ពង្រីក ពីទីក្រុង រហូតដល់ជនបទ។
លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងធម្មាការ និងសាសនា បានបញ្ជាក់ថា ៖ ចាប់ពីពេលនេះទៅ ជាឱកាសដ៏ល្អសម្រាប់ប្រជាជាតិកម្ពុជាយើងរួមគ្នាយ៉ាងជិតស្និទ្ធ រក្សាការពារ ដើម្បីសេចក្តីសុខសាន្តជូនសង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវសម្រាប់អប់រំចរិយាធម៌ និងស្មារតី ជម្រុះចោលនូវការលោភលន់ ការច្រណែននិន្ទា គំនុំ និងអំពើរហិង្សាជាដើម។
ព្រះពុទ្ធសាសនា និងបុព្វជិត ទាំងគ្រហស្ថ ដែលខិតខំប្រតិបត្តិខ្លួនឯងផង ជួយអប់រំ ពុទ្ធបរិស័ទ សមស្របតាមលំអានខ្លឹមសារក្នុងព្រះត្រៃបិដក ដែលជាព្រះធម៌របស់ព្រះសម្មាស ម្ពុទ្ធ។ ទន្ទឹមនេះជនរួមជាតិខិតខំសំអាតកាយវាចាជម្រះនូវសេចក្តីសៅហ្មងទាំងឡាយធ្វើដំណើរតាមគន្លងព្រះធម៌ មានសេចក្តីជ្រះថ្លា ប្រមូលផ្តុំកម្លាំងកសាង អរិយធម៌ វប្បធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមគោលការណ៍ នីតិរដ្ឋ។
លោក ហ៊ឹម ឆែម បានបញ្ជាក់ថា ៖រហូតមកដល់បច្ចុប្បន្ន ការពង្រឹងធនធានមនុស្សវិញ ក្រសួង ធម្មការ និងសាសនា បានបណ្តុះបណ្តាល អាចារ្យ អាចារិនី តាំងពីថ្នាក់ បឋមសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា មកទល់ពេលនេះ មានអាចារ្យ អាចារិនី ទូទាំងប្រទេសចំនួន ៨៩៨៤ អង្គ /នាក់ ។
តាមរយៈការរីកចំរើនលើវិស័យសាសនារហូត មកដល់បច្ចុប្បន្ន នៅទូទាំង ប្រទេសមានវត្តចំនួន ៤៧៥៥វត្ត និងមានព្រះសង្ឃចំនួន ៥៩៥១៦អង្គ ក្នុងនោះមានគណៈមហានិកាយមាន៤៥៥១វត្ត ព្រះសង្ឃមានចំនួន ៥៤៧៦២ អង្គ និងគណៈធម្មយុត្តិកនិកាយមាន២០៤វត្ត ព្រះសង្ឃមានចំនួន៤៧៥៤អង្គ ។
ក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន ក៏បាននាំយកអំណោយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ជាថវិកាជូន អាចារ្យ អាចារិនី ចំនួន ១០០០នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ៥ម៉ឺនរៀល ជូនគណៈកម្មាធិការរៀបចំកម្មវិធី ចំនួន ១០លានរៀល និងសម្រាប់វិទ្យាស្ថានជាតិអប់រំ ៥លានរៀល ផងដែរ៕ សំរិត