ខេត្តពោធិ៍សាត់៖ បើករថយន្តម៉ាក ISUSU បុកអ្នកជិះម៉ូតូឌុបគ្នា ៣នាក់ឪពុកម្ដាយ និងកូនពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់ម្ដាយភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឪពុក និងកូនបានស្លាប់ជាបន្តបន្ទាប់នៅតាមផ្លូវគ្រាបញ្ជូនទៅសង្រ្គោះ នៅលើកំណាត់ផ្លូវជាតិលេខ៥៥។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧និង៤៩នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចម្តុំស្ថានីយប្រេងឥន្ធនៈតេលា របស់ឈ្មោះ សី ហា ស្ថិតក្នុងភូមិអង្រ្កង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យកាសែតនគរវត្តដឹងថា រថយន្ត ១គ្រឿងម៉ាក ISUSU ចង្កូតឆ្វេង ប្រភេទមួយបាំងកន្លះ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ពោធិ៍សាត់ 2A 1384 (រត់ឈ្នួលស្រុកវាលវែង ខេត្តពោធិ៍សាត់) ធ្វើចរាចណ៍ពីលិចឆ្ពោះទៅទិសខាងកើត លុះដល់ចំណុចកើតហេតុស្រាប់តែជ្រុលបុកអ្នកជិះម៉ូតូឌុបគ្នា៣នាក់ពីក្រោយពេញទំហឹង ខណៈដែលកំពុងធ្វើដំណើរចរាចរណ៍ស្របទិសគ្នា(លិចកើត) បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់រដូករណែលនៅលើផ្លូវ និងបានបាត់បង់ជីវិតជាបន្តបន្ទាប់ខណៈបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
សមត្ថកិច្ចថា ជនរងគ្រោះឈ្មោះ មុត ស្ងួន ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ (ស្លាប់តាមផ្លូវនៅពេលបញ្ជូនមកមន្ទីរពេទ្យ) ជាអ្នកបើកបរម៉ូតូម៉ាក ហុងដា ឌ្រីម សេ១០០ ពណ៌ក្រហម គ្មានស្លាកលេខ និងអ្នករួមដំណើរទី១ ឈ្មោះ កែវ ឌី ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំជាមួយគ្នា ជាឪពុកចុង (ស្លាប់តាមផ្លូវនៅពេលបញ្ជូនមកមន្ទីរពេទ្យ) និងទី២ ឈ្មោះ អុី ផល អាយុ ៦៧ឆ្នាំ ត្រូវជាម្ដាយបង្កើត (ស្លាប់នៅនឹងកន្លែង)។ ជនរងគ្រោះទាំង៣នាក់ត្រូវជាកូន ឪពុក និងម្តាយ។
សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះ ជនបើកបររថន្តម៉ាក ISUSU បង្កហេតុបាន(រត់គេចខ្លួន) ចំណែកវត្ថុតាងរថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះ បានយកមករក្សាទុកជាបណ្ណោះអាសន្ននៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ ប៉ឹម ពិន