ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិបេឡារូស២នាក់ នាំគ្នាគាស់ទូATM ប្រុងលួចលុយត្រូវកម្លាំងសន្តិសុខឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសន្តិសុខធនាគារបានឃាត់ខ្លួន ជនជាតិបេឡារូស២នាក់ ប្រគល់ឲ្យនគរបាលខណ្ឌដូនពេញ ចាត់ការតាមច្បាប់ ក្រោយពីពួកគេបាន នាំគ្នាធ្វើសកម្មភាពគាស់ទូATM ប្រុងលួចលុយ តែមិនបានសម្រេច ខណៈដែលកំពុងធ្វើសកម្មភាពត្រូវកាមេរ៉ាសុវត្ថិភាពមើលឃើញទាន់ពេលកាលពីវេលាម៉ោង៣និង៤៧នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ៣១ ផ្លូវលេខ២៤០ ភូមិទី១១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យជាជនជាតិបេឡារូស ២នាក់នេះ ទី១.ឈ្មោះ MAK SIMMOLOCNKOV ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ បេឡារូស មុខរបរ មិនប្រាកដ មានទីលំនៅមិនប្រាកដ។ ទី២. ឈ្មោះ ALEXANDR BUBENKO ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិ បេឡារូស មុខរបរ និងទីលំនៅមិនពិតប្រាកដពីបទលួចមានស្ថានទម្ងន់ទោស កាប់គាស់ទម្លុះទម្លាយទូA.T.M របស់ធនាគារ ។ ចំណែកវត្ថុតាងចាប់យកបាន ឧបករណ៍អេឡិចត្រនិច សម្រាប់លួចលុយពីទូATM ចំនួនមួយ ក្រណាត់ក្លុមមុខមួយ។ រីឯអ្នកប្តឹងឈ្មោះ សាលី វង្សកុមារ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ បុគ្គលិកធនាគារ ស្នាក់នៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

មន្រ្តីដដែល បានបន្តទៀតថា នៅមុនពេលកើតហេតុ គឺជនបរទេស២នាក់ជាជនសង្ស័យ បានដើរមកទូATM នៅចំណុចកើតហេតុ ខណៈនោះជនសង្ស័យម្នាក់ បានឈរចាំផ្លូវ ចំណែកជនសង្ស័យម្នាក់ទៀត ចូលទៅក្នុងទូកញ្ចក់ ដើម្បីធ្វើសកម្មភាពលួចយកលុយតែមិនទាន់បានសម្រេចផង ក៏អ្នកកាន់កាមេរ៉ាសុវត្ថិភាព នៃទូATMនោះ ឃើញពីសកម្មភាពរបស់ជបសង្ស័យទាំង២នាក់នោះ ក៏បោះដៃឲ្យកម្លាំងសន្តិសុខប្រចាំការ មកឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនមកប្រគល់ឲ្យកម្លាំងនគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស តារា


ចែករំលែក៖