ខេត្តកំពង់ធំ៖ បុរសម្នាក់ជិះម៉ូតូវិលត្រឡប់ពីលេងឪពុកម្តាយបងប្អូននៅស្រុកកំណើត នៅភូមិចំបក់ទួលចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុក រួច ក៏ត្រឡប់ទៅផ្ទះវិញ ស្រាប់តែអកុសលបានជិះម៉ូតូទៅបុករថយន្តធុនធំពីក្រោយពេញទំហឹងក្នុងទិសដៅពីជើងទៅត្បូងបណ្តាលឲ្យដួលបោកក្បាលនឹងបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ហេតុការណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ កាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងជើងស្ថានីយជញ្ជីងថ្លឹងឡាន ប្រមាណ២០០ទៅ៣០០ម៉ែត្រ ស្ថិតនៅក្នុងភូមិត្រើយម៉្យាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
តាមប្រភពពត័មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះយន់ សៀកម៉េង ភេទប្រុស អាយុ៣២ឆ្នាំ ស្រុកកំណើត ភូមិ ឃុំ បច្ចុប្បន្នមករស់នៅខាងប្រពន្ធ ភូមិជ័យមង្គល ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ ម៉ាកស្មាស់ ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1F 3507 ចេញពីផ្ទះខាងប្រពន្ធ ទៅលេងឪពុកម្តាយបងប្អូន រយ:ពេលជាច្រើនម៉ោង លុះយប់ជ្រៅ ជនរងគ្រោះបានលាឪពុកម្តាយបងប្អូនវិលត្រឡប់មកផ្ទះ វិញ តែជាអកុសលមកដល់ពាក់កណ្តាលផ្លូវ ក៏បើកម៉ូតូបុករថយន្តពីក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗ ។
ក្រោយធ្វើកំណត់ហេតុ សមត្ថកិច្ច ប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី។ ចំណែករថយន្ត ក្រោយកើតហេតុបានបើករត់គេចបាត់ស្រមោល សមត្ថកិច្ចចរាចរណ៍ស្រុកសន្ទុកកំពុងស្រាវជ្រាវរកម្ចាស់រថយន្ដឲ្យមកដោះស្រាយគ្នាទៅតាមច្បាប់។
ប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងមករថយន្តធុនធំដែលដឹកដំឡូង ស្រូវ និងទំនិញផ្សេងៗបានចតត្រៀបត្រាស្ទើរជារាល់ថ្ងៃ ដើម្បីចូលថ្លឹងនៅស្ថានីយជញ្ជីង ហេតុដូច្នេះហើយគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើងនៅម្តុំស្ថានីយជញ្ជីងតែម្តង៕ ប៊ុន រិទ្ធី