ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចព័ទ្ធចាប់ក្រុមជនសង្ស័យប្រើប្រាស់ និងចែកចាយថ្នាំញៀនបាន៤នាក់នៅស្រុកបរិបូរណ៍

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្រុមជនសង្សយ័៤នាក់ ត្រូវបានសមត្ថកិច្ចនគបាលស្រុក សហការគ្នាជាមួយកម្លាំងនគបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាន នគបាលខេត្តកំពង់ឆ្នាំងឃាត់ខ្លួនបាន ក្នុងពេលដែលក្រុមជនសង្ស័យបានណាត់ជួបគ្នាធ្វើសកម្មភាពចែកចាយ និង ប្រើប្រាស់សារធាតុញៀនខុសច្បាប់ ។ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិក្រាំងខ្មែរ ឃុំពពេល ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងសថា ជនសង្ស័យដែលឃាត់ខ្លួននេះ ១.ឈ្មោះព្រុំ ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិឃ្លៃ ឃុំជ្រៃបាក់ ស្រុករលាប្អៀ ២ . ឈ្មោះអឿន សំណាង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិក្រាំងខ្មែរ ឃុំពពេល ស្រុកបរិបូរណ៍ ៣.ឈ្មោះសៀន បូរ៉ា អាយុ២៤ឆ្នាំ រស់នៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀ ៤.ឈ្មោះសួន ចិន្តា ភេទប្រុស រស់នៅឃុំខុបរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតបានថ្នាំញៀន២កញ្ចប់តូច ទូរសព្ទ័ដៃ១គ្រឿង និងសម្ភារៈ សម្រាប់ប្រើប្រាស់សេពថ្នាំញៀនមួយចំនួនផងដែរ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលឈានដល់ការបង្ក្រាបបានជនសង្ស័យខាងលើ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងរបស់ក្រុមជនសង្ស័យខាងលើ ពេលឃើញសកម្មភាពដូចនេះ បានរាយការណ៍ឲ្យសមត្ថកិច្ច ពេលនោះ សមត្ថកិច្ច បានដាក់កម្លាំងព័ទ្ធចាប់ ក្រុមជនសង្ស័យតែម្តង ។

ជនសង្ស័យត្រូវបានសមត្ថិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖