នៅពេលនេះអាមេរិកបានភ្លឺភ្នែកហើយ នៅពេលដែលកូរ៉េខាងជើង មិនរាថយ ចំពោះកម្មវិធីបរមាណូរបស់ខ្លួន បើទោះ បីអាមេរិកដាក់ទណ្ឌកម្មឬ ក៏គំរាមកំហែង ដោយធ្វើសមយុទ្ធ នាវាផ្ទុកយន្តហោះ៣គ្រឿងព្រមគ្នាក្តី។ ការខិតខំរបស់អាមេរិក ទាំងប៉ុន្មាន ដើម្បីបញ្ចប់កម្មវិធីអាវុធបរមាណូរបស់ទីក្រុងព្យុងយ៉ាងគឺគ្មានផលនោះឡើយ។
ភាពជោគជ័យរបស់កូរ៉េខាងជើង គឺ ជាការបរាជ័យរបស់អាមេរិក ដែលជាប្រទេសមហាអំណាចទីមួយលើពិភពលោក មិន អាចធ្វើអ្វីទៅលើកូរ៉េខាងជើងបាន ។ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថាកូរ៉េខាងជើងជាប្រទេសមានសមត្ថភាពខ្ពស់នៅក្នុងការប្រឈមមុខជាមួយប្រទេសមហាអំណាចទីមួយរបស់ពិភពលោក។ អ្វីដែលអាមេរិក ធ្វើបាននាពេលនេះ គឺគំរាមកំហែងនិងស្នើឲ្យអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មលើកូរ៉េខាងជើងប៉ុណ្ណោះ ។រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងធ្លាប់បានប្រកាសថា ប្រទេស កូរ៉េខាងជើង បាននឹងទណ្ឌកម្មទៅហើយ មិនមែនតែទើប រងការដាក់ទណ្ឌកម្មនា ពេលនេះទេ គឺជាច្រើនទសវត្សកន្លងមក ហើយ។ ដូច្នេះការដាក់ទណ្ឌកម្ម នឹងមិនធ្វើឲ្យកូរ៉េខាងជើងត្រូវបោះបង់អ្វីដែលជាគោលដៅការពារជាតិនោះឡើយ។
សារព័ត៌មានរ៉យទ័របានផ្សាយថា នៅ ក្នុងកិច្ចប្រជុំជាបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកាក្រោយពេលដែលកូរ៉េខាងជើងបាញ់មីស៊ីលលោកស្រី Nikki Haley អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអ .ស .ប បានបញ្ជាក់ថា កូរ៉េខាងជើងនឹងត្រូវកម្ទេចទាំងស្រុង បើមានសង្គ្រាមកើតឡើង។តែបើទោះបីបែបណាក្តីអាមេរិក នៅតែមិនហ៊ានវាយប្រហារទៅលើកូរ៉េខាងជើងនោះឡើយបើទោះបីនៅមានជម្រើសប្រើកម្លាំងយោធាក្តី។ លោក ដូណាល់ ត្រាំ តែងតែ និយាយថា ជម្រើសប្រើកម្លាំង វាយកូរ៉េ ខាងជើង គឺនៅមានជានិច្ច។ តែធាតុពិត បើវិភាគឲ្យមែនទែនទៅ អាមេរិកមិនអាចប្រថុយជ្រើសយកជម្រើសនេះទេ។ ជម្រើស ទីមួយ បើសម្លាប់គីម ជុងអ៊ុនបាន ក៏មិន ប្រាកដថា អាមេរិកអាចគ្រប់គ្រងស្ថានការណ៍នៅកូរ៉េខាងជើងបានដែរ។ ឧទាហរណ៍ នៅអុីរ៉ាក់ និងនៅលីប៊ី គឺជាមេរៀនស្រាប់។ សម្លាប់សាដាម ហ៊ូសេន និង កាដាហ្វ៊ីបាន តែមិនអាចដោះស្រាយបញ្ហាបានទេ។
ជម្រើសមួយទៀត គឺវាយកម្ទេច ដាច់ ដោយឡែក ទៅលើទីតាំងផលិត និងស្តុក អាវុធ របស់កូរ៉េខាងជើង។ ជម្រើសនេះ ក៏ពិបាកដែរ។ ពិបាក ដោយសារថាគេមិនអាចដឹងពីទីតាំងទាំងនោះទេ។ អ្នកវិភាគរបស់កូរ៉េខាងត្បូងម្នាក់ ឈ្មោះ ឈឹង សុង ឆាង បានលើកឡើងថា មានរូងក្រោមដីខ្វាត់ខ្វែងច្រើនណាស់។ បើអាចកម្ទេចបានម៉្លេះរដ្ឋាភិបាលអាមេរិក កាលពីជំនាន់លោក ប៊ូស បានសម្រេចធ្វើរួចទៅហើយ។ ទំរាំ មកដល់ឥឡូវនេះ សមត្ថភាពលាក់បំពួន របស់កូរ៉េខាងជើង មានកាន់តែខ្ពស់ ដូច្នេះ ការប្រើកម្លាំងកម្ទេច ទីតាំងដាច់ដោយ ឡែកនេះ ជារឿងគ្រោះថ្នាក់ណាស់។ ព្រោះ បើហ៊ានតែកម្ទេចនេះ កូរ៉េខាងជើង នឹង បានលេសបាញ់មកវិញមិនខាន។ សួរថា ជីវិត ប្រជាជននៅសេអ៊ូល ១០លាននាក់ ដែលនៅក្បែរកូរ៉េខាងជើង តើនរណាជា អ្នកទទួលខុសត្រូវ?
រឿងគំរាមប្រើកម្លាំងនេះទៀតសោត គឺមានតែលោកដូណាល់ ត្រាំ ទេដែលស្រែក។ លោក John Hyten អគ្គមេបញ្ជាការទទួលបន្ទុកយុទ្ធសាស្ត្រ របស់កងទ័ពអាមេរិក បាននិយាយកាលពីថ្ងៃទី ១៧វិច្ឆិកា ថ្មីៗ នេះថា បើសិនជាលោកដូណាល់ ត្រាំ សម្រេចថាត្រូវប្រើកម្លាំង នោះក្នុងនាម លោកជាមេបញ្ជាការ លោកមិនទៅធ្វើតាម ទាំងងងឹតងងល់ ដោយមិនចោទសួរពីផល វិបាកនោះទេ។ លោកអះអាងថា លោក មិនខ្លាចនឹងប្រាប់ទៅ លោកដូណាល់ ត្រាំវិញទេថា វាជារឿងខុសច្បាប់ ដែល អាមេរិកប្រកាសសង្រ្គាមនុយក្លេអ៊ែរ ជា មួយកូរ៉េខាងជើង។
ជាការពិត យើងគ្រប់គ្នាធ្លាប់បានឮកន្លងមកហើយ នូវសម្ដីធ្ងន់ៗ ផាំងទៅផាំងមក រវាងលោក ដូណាល់ ត្រាំ នឹងមេដឹកនាំ កូរ៉េខាងជើង។ ពេលខ្លះសម្តីលោក ដូណាល់ ត្រាំ ហាក់ដូចជាសម្ដីកូនក្មេង ដែលឈ្លោះខឹងគ្នា។ ជាក់ស្តែង កាលពី នៅចំពោះមុខមហាសន្និបាត អង្គការ សហប្រជាជាតិ លោកដូណាល់ ត្រាំ បាន ស្រែកក្តែងៗថា អាមេរិក នឹងកម្ទេច កូរ៉េខាងជើង ឲ្យឆេះក្លាយជាផេះ។ គឺសម្ដី របៀបនេះហើយ ដែលធ្វើឲ្យគីម ជុនអ៊ុន បានលេសកាន់តែខ្លាំង។ លេសយ៉ាងម៉េច គឺលេសថា អាមេរិកគំរាមកំទេចគេឲ្យខ្ទេចសល់តែផេះ អ៊ីចឹងគេត្រូវតែធ្វើមីស៊ីលនុយក្លេអ៊ែរ ទុកការពារខ្លួនអ៊ីចឹងហើយ។
ដោយឡែកពេលនេះ លោកដូណាល់ ត្រាំ និយាយថា ទុកឲ្យគាត់ជាអ្នកចាត់ ចែង។ អាចមានន័យថា គាត់ និងក្រសួង ការពារជាតិ នឹងចាត់ចែងធ្វើអ្វីម្យ៉ាង។ តែយ៉ាងណា កុំភ្លេចថា មិនមែនគាត់តែម្នាក់ ឯង អាចធ្វើអ្វីបានទេ គឺត្រូវតែមានការគាំទ្រ ពីសភាទាំង២ របស់អាមេរិក។ យ៉ាងណា មិញនៅថ្ងៃនេះ ក្រោយមកដល់សេតវិមាន លោកដូណាល់ ត្រាំ បានឆ្លៀតនិយាយ រិះគន់ថា ពួកសមាជិកសភានិងព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យ ថាជា ពួកកំសាក។ ដូច្នេះមានន័យថា គាត់តែ ម្នាក់ឯង មិនអាចសម្រេចធ្វើសង្រ្គាម ជា មួយកូរ៉េខាងជើងបានទេ។
បើតាមការវិភាគរបស់អ្នកជំនាញជាច្រើន បានអះអាងថា បើមីស៊ីលនេះ រត់ទៅ លើបានកម្ពស់ប៉ុណ្ណោះ មានន័យថា បើ សិនជាបាញ់តាមខ្សែកោង គឺវាអាចរត់ បានចម្ងាយ ប្រមាណ១៣.០០០គីឡូម៉ែត្រ ឯណោះ។ ដូច្នេះ វាអាចជាការពិតហើយ ដែលថា មីស៊ីលកូរ៉េខាងជើង អាចហោះ ទៅកម្ទេចទីក្រុងធំៗ របស់អាមេរិកបាន យ៉ាងងាយ។ លោក David Wright អ្នក ជំនាញម្នាក់នៅ Union of Concerned scientists បានលើកឡើងថា ការសាកល្បង មីស៊ីលបាលីស្ទីកអន្តរទ្វីបលើកទី៣ របស់ កូរ៉េខាងជើងនេះ បានបង្ហាញឲ្យឃើញ ច្បាស់ថា កូរ៉េខាងជើងអាចបាញ់កម្ទេចរដ្ឋធានីវ៉ាស៊ីនតោនបាន យ៉ាងស្រួល។
ក៏ប៉ុន្តែយ៉ាងណាក៏ដោយ មិនមែនមាន ន័យថា សមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានឡើងដល់ចំណុចកំពូលនោះទេ។ អ្នកជំនាញរូបនេះ បានលើកឡើងថា កូរ៉េ ខាងជើងនៅមិនទាន់ មានសមត្ថភាព ច្បាស់លាស់ ក្នុងការគ្រប់គ្របក្បាលគ្រាប់នុយក្លេអ៊ែរ ដែលខ្លួនបំពាក់នឹងមីស៊ីល នេះទេ។ គឺជាបច្ចេកទេស គ្រប់គ្រងសំពាធ នៅពេលក្បាលគ្រាប់ ដែលហោះចុះពីលំហ អាកាស មកចូលក្នុងបរិយាកាសផែនដី វិញ។ បើគ្រប់គ្រងមិនបាន គឺមានន័យថា ក្បាលគ្រាប់អាចផ្ទុះនៅលើលំហអាកាស ឬអាចខូចមិនដំណើរការ។
មីស៊ីលដែលកូរ៉េខាងជើងបាញ់ថ្ងៃនេះ មានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ តែគ្មាន នរណាដឹងទេ ថាក្បាលគ្រាប់នោះជាគ្រាប់ ទទេ ឬមានផ្ទុកប្រព័ន្ធបំផ្ទុះនុយក្លេអ៊ែរ ឬក៏ អត់នោះឡើយ។ ត្រង់នេះក៏ជាចំណោទ មួយទៀតដែរ ព្រោះកូរ៉េខាងជើង អាចមិន ទាន់មានសមត្ថភាពច្បាស់ទេ។ ប៉ុន្តែ សម្រាប់ពេលនេះ អ្វីដែលមិនប្រកែកបាន គឺសមត្ថភាពបាញ់បង្ហោះមីស៊ីលចម្ងាយ ឆ្ងាយ របស់កូរ៉េខាងជើង គឺបានដើរដល់ ចំណុចខ្ពស់គួរឲ្យព្រួយបារម្ភ៕ ម៉ែវ សាធី