ខេត្តស្វាយរៀង៖ ស្ត្រីអ្នកលក់ដូរម្នាក់បានរងរបួស ខណៈដែលក្មេងស្ទាវបើកម៉ូតូហុងដាសេ១២៥ មិនគោរពសិទ្ធិអាទិភាពបញ្រាស់គ្នាបុកពេញទំហឹងលាន់សូរដូចរន្ទះកាលពីវេលាម៉ោង១០និង៤០នាទី ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ លើផ្លូវលេខ ១១៩ ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
តាមសមត្ថកិច្ចនគរបាលក្រុងស្វវាយរៀងបានប្រាប់កាសែតនគរវត្តថា ស្ត្រីដែលរងរបួសមានឈ្មោះ ពៅ បុប្ផា អាយុ ៣៥ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ តារាងបាល់ សង្កាត់ គយត្របែក ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ចំណែកម៉ូតូម៉ាក ហុងដា Wave RSX ១១០ ពណ៌ ក្រហម ពាក់ស្លាកលេខ ស្វាយរៀង ១F ០០៦២ខូចខាតយ៉ាងដំណំ។
រីឯក្មេងស្ទាវដែលបង្កហេតុមានឈ្មោះ យ៉ាន់ ជីវ័ន្ដ អាយុ ១៦ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ស្រះវង់ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានមានយុវជនម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក្ស ហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១J ១០៤៤ ដោយធ្វើដំណើរ ពីលិចទៅកើត មិនពាក់មួកសុវត្ថិភាពលើផ្លូវលេខ ១១៩ស្រាប់តែទៅបុក និងម៉ូតូមួយគ្រឿងម៉ាក ហុងដា Wave RSX ១១០ ពណ៌ ក្រហម ជិះដោយស្ត្រីម្នាក់ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងពេញទំហឺងបណ្ដាលឲ្យរបួសទាំងសងខាង។
ក្រោយមកប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានយកភាគីទាំងសងខាងមកកាន់មន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីព្យាបាលមុខរបួស។
ចំណែកម៉ូតូទាំង២គ្រឿងសមត្ថកិច្ចបានវាស់វែង និងអូសមករក្សាទុកនៅអធិការនគរបាលក្រុងស្វាយរៀងដោះស្រាយតាមច្បាប់។
សមត្ថកិច្ចនគរបាលបញ្ជាក់ថា មូលហេតុ ដោយសារតែ ម៉ូតូម៉ាក្ស ហុងដាសេ១២៥ មិនគោរពសិទ្ធិអាទិភាព៕ យឹម សុថាន