ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចចោទប្រកាន់ គូស្នេហ៍មួយគូពួនក្នុងរោងចំការស្វាយរៀបចំចែកចាយគ្រឿងញៀនក្រោមបទចោទ” ជួញដូរនូវសារធាតុញៀនដោយខុសច្បាប់” តាមប្បញ្ញត្តិមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
លោកព្រះរាជអាជ្ញាររងបានបញ្ជាក់ថា សំណុំរឿងបានបញ្ជូនទៅឲ្យលោកចៅក្រមស៊ើបសួរចាត់ការបន្តនីតីវិធី។ នៅដំណាក់កាលនេះចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនឬមិនឃុំខ្លួនជនត្រូវចោទ ប៉ុន្តែបទល្មើសគ្រឿងញៀនភាគច្រើនចៅក្រមស៊ើបសួរនិងសម្រេចឃុំខ្លួន។
សូមរំលឹកថា គូស្នេហ៍វ័យក្មេងមួយគូបានត្រូវសមត្ថកិច្ចស្រុកកៀនស្វាយក្របួចជាប់ ខណៈសម្ងំពួនក្នុងចំការស្វាយ រៀបចំចែកចាយគ្រឿងញៀន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣និង២០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចកើតហេតុៈ ក្នុងចំការស្វាយស្ថិតនៅភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
នគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនសង្ស័យមានគ្នាពីរអ្នក១.ឈ្មោះអឿន សុីណាត់ ភេទប្រុសអាយុ ២២ឆ្នាំ(ខ្មែរ)មុខរបរកម្មករសំណង់មានទីលំនៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ២.ឈ្មោះ គុណ ឈុនណែត ភេទស្រីអាយុ១៩ឆ្នាំ(ខ្មែរ)មុខរបរនៅផ្ទះ មានទីលំនៅភូមិកោះបៀ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមថ្លាពណ៌ស សង្ស័យសារធាតុញៀន១កញ្ចប់តូច ទូរសព្ទ័ដៃចំនួនពីរគ្រឿងមួយគ្រឿង ម៉ាកខេមហ្វូន ពណ៌ទឹកមាសបែកអេក្រង់ និងម៉ាកអ៊ិចុចពិល ពណ៌ខៀវមួយគ្រឿងដាវកែឆ្នៃចំនួនពីរដើម សម្ភារប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួន ដែកកេះហ្គាសចំនួនមួយ ពណ៌ទឹកក្រូច។
នគរបាលបញ្ជាក់ថា នៅយប់ថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរបានចេញល្បាតនៅក្នុងភូមិសាស្ត្រឃុំគគីរ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែឃើញជនសង្ស័យឈ្មោះអឿន សុីណាត ភេទប្រុសរត់ចូលទៅពួនក្នុងរោងចំការស្វាយខាងលើ ឃើញដូចនេះកម្លាំងប៉ុស្ដិ៍ក៏បានដេញតាមឈ្មោះអឿន សុីណាត ភេទប្រុស ដល់រោងក្នុងចំការស្វាយរួចបានត្រួតពិនិត្យ ជុំវិញរោងស្រាប់តែឃើញសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនឃើញដូចនេះ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរក៏បានហៅឈ្មោះអឿន សុីណាត់ ភេទប្រុស ចេញមកក្រៅដើម្បីសួរនាំរួចឆែកឆេរក្នុងរោង ភ្លាមនោះក៏ឃើញឈ្មោះ គុណ ឈុនណែត ភេទស្រីនៅក្នុងរោងនោះដែរបន្ទាប់មកបានឆែកឆេរបន្តទៀតស្រាប់តែឃើញថ្នាំញៀនមួយកញ្ចប់តូច និងសម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់ដាក់ក្នុងប្រអប់សៀតនៅលើដំបូលរោងភ្លាមនោះកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរបានឃាត់ខ្លួនជនសង្ស័យទាំងពីរយកមកប៉ុស្ដិ៍ដើម្បីសួរនាំ ៕ ឆ ដា