ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកធម៌កាប់ប្រហារកូនធម៌២កាំបិតរបួសធ្ងន់ខណៈផឹកស្រាស្រវឹងឌឺដងសម្តី

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ឪពុកធម៌អាយុ៧១ឆ្នាំ ប្រហារកូនធម៌ អាយុ៥៥ឆ្នាំ ២កាំបិតចែតហូរឈាមស្រោចខ្លួន នៅលើគ្រែគ្រាដែលផឹកសុីស្រវឹងស្រឿងៗរៀងៗខ្លួនតែពីរនាក់ ខណៈកូនធម៌រងរបួសប្រើពាក្យសម្ដីបែបចំអកឡកឡើយមកលើចៅស្រីរបស់គាត់។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះកូនធម៌ (រងរបួស) ស្ថិតក្នុងភូមិរូង ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ត្រី នាង វុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា កូនធម៌រងរបួសដោយសារកណ្ដាប់ដៃឪពុកធម៌បានប្រើកាំបិតចែតជាអាវុធឈ្មោះ ឈាង ឈង ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរូង ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ របួសចំនួន ២កន្លែងចំក្បាល ១កន្លែង និង ១កន្លែងទៀតចំកំភួនដៃខាងស្ដាំ(ធ្ងន់) ចំណែកជនដៃដល់ជាឪពុកធម៌ឈ្មោះ ឈឹម សាត ភេទប្រុស អាយុ ៧១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំកើតហេតុជាមួយគ្នាខាងលើ។

លោកបន្តថា ក្រោយកើតហេតុមន្រ្តីចំនាញព្រហ្មទណ្ឌនៃអធិការរងនៃអធិការដ្ឋាននគរបាលស្រុកបាកាន បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុដើម្បីចាប់យកវត្ថុតាងនានាអំពីហេតុ លទ្ធផល៖ ឃើញកាំបិតផ្គាក់ចំនួន ០១ មានឈាមជាប់សង្ស័យជនរងរបួសកាន់បំរុងតដៃ ប៉ុន្តែត្រូវបានជនដៃដល់កាប់ថែមធ្វើឲ្យមិនអាចតបតបាន ព្រោះជនដៃដល់បានឆ្លើយសាភាពមុខសមត្តកិច្ចខ្លួនបានប្រើកាំបិតចែត(មិនមែនកាំបិតផ្គាក់)នេះទេ ខណៈដែលមុនបើកកម្មវិធីសុីផឹកគាត់បានកាន់យកទៅពីផ្ទះក្នុងគោលបំណងហាន់សាច់ក្លែម ការផឹកស្រាសក្លែមសាច់រហូតស្រវឹងស្រឿងៗរៀងៗខ្លួន ហើយដើមចមការទំនាស់ពាក្យសម្ដីគ្នានេះ ផ្ដើមឡើងដោយផឹកស្រាសក្លែមសាច់ និងពាក្យសម្ដីបែបឌឺដងផ្លែផ្កា ខណៈជនរងរបួស(ឈាង ឈង)ជាកូនធម៌ប្រើពាក្យសម្ដីលែបខាយចំអកឡកឡើយមកលើចៅស្រី ធ្វើឲ្យជនដៃដល់ជាឪពុកធម៌(ឈឹម សាត)ក្តៅស្លឹកត្រចៀកអត់ទ្រាំពុំបាន។

លោកបន្តទៀតថា ករណីខាងលើនេះ ជនរងរបួសបានបញ្ជូនទៅសង្រ្គោះព្យាបាល ចំណែកជនដៃដល់ជាឪពុកធម៌បានឃាត់ខ្លួន និងនាំយកមកបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបំពេញសំណុំបែបបទឯកសាពាក់ព័ន្ធបន្ថែម បញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់បន្ត៕ ប៉ឹម ពិន


ចែករំលែក៖