ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ កំពុងសិក្សាឲ្យបានលំអិតមុននឹងការដ្ឋានស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដី នៅចំណុចប្រសប់ច្រមុះជ្រូកក្បាលថ្នល់

ចែករំលែក៖

ភ្នំពេញ៖ ដោយសារស្ថានភាពចរាចរណ៍ ក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ មានការកកស្ទះ កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ នោះរដ្ឋបាលរាជធានី និងជំនាញពាក់ព័ន្ធ បាននិងកំពុងប្រឹងប្រែងរកដំណោះស្រាយ ដើម្បីឲ្យស្ថានភាពចរាចរណ៍មានភាពប្រសើរឡើង។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំមួយ ដោយមានមន្រ្តីជំនាញពាក់ព័ន្ធចូលរួម ដើម្បីពិភាក្សា និង ពិនិត្យលទ្ធភាព កែសម្រួលប្រព័ន្ធចរាចរ នៅច្រមុះជ្រូកស្ពានអាកាសក្បាលថ្នល់ ដែលសព្វថ្ងៃកំពុងជួបប្រទះបញ្ហាកកស្ទះជាប្រចាំថ្ងៃ នោះ ។

លោក ម៉េត មាសភ័ក្តី អ្នកនាំពាក្សសាលារាជធានីភ្នំពេញ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយកិច្ចប្រជុំនេះថា៖ ដោយសារកំណើនរបស់ប្រជាជន និង កំណើននៃមធ្យោបាយ ធ្វើដំណើរមានការកើនឡើងឥតឈប់ឈរ ការកកស្ទះចរាចរណ៍នៅតំបន់ក្បាលថ្នល់ មានការកកស្ទះជាប្រចាំ ជាពិសេស នៅចំណុចប្រសប់រវាងផ្លូវព្រះមុនីវង្ស ផ្លូវ២៧១និងផ្លូវ៦០ម៉ែត្រ។

ដោយមើលឃើញស្ថានភាពបែបនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងគិតគូរ ពីលទ្ធភាព ក្នុងការកសាង ឬ សម្រួលចរាចរណ៍ ដែលគ្រោងនឹងអាចកសាងស្ពានអាកាស ឬផ្លូវក្រោមដី នៅតំបន់នោះ។ យ៉ាងណាមុននឹងឈានទៅការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នោះ ត្រូវការពិនិត្យ និងពិភាក្សាគ្នា ឲ្យបានគ្រប់ជ្រុងជ្រោយ ជាមួយភាគីពាក់ព័ន្ធ ដើម្បី ធ្វើឲ្យតំបន់នោះមិនឲ្យមានការកកស្ទះបន្តទៀត។

លោក ម៉េត មាសភ័ក្តី បានបញ្ជាក់ទៀតថា៖ ក្នុងកិច្ចប្រជុំនោះដែរ មន្រ្តីជំនាញក៏បានលើកឡើងពីជម្រើសមួយចំនួន ទៅតាមទិសប្រសប់ពីផ្លូវណាមួយ ដើម្បីអង្គប្រជុំពិភាក្សាគ្នាឲ្យបានហ្មត់ចត់ ដើម្បីឲ្យការងារនោះរឹតតែច្បាស់លាស់ ពិសេស គិតពីផលប៉ះពាល់ ព្រោះថា នៅទីតាំងនោះ បើកសាងស្ពានអាកាស ឬ ផ្លូវក្រោមដី វាអាចនឹងមានផលប៉ះពាល់ជាមួយ បណ្តាញអគ្គិសនី ក៏ដូចជាបណ្តាញទឹកក្រោមដីផងដែរ។

ដូច្នេះទាមទាឲ្យមានការគិតគូរ ឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចកសាង។ ជាមួយគ្នានោះ លោកអភិបាល ក៏បានចាត់ឲ្យអភិបាលរងមួយចំនួន រួមជាមួយមន្ទីរជំនាញ ពិនិត្យ ពិភាក្សាលើការងារបច្ចេកទេសបន្ថែមទៀត ដោយចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីឲ្យដឹងច្បាស់ពីលំហូរចរាចរនៅតំបន់នោះ ដែលកំពុងមានការកកស្ទះ ហើយក៏គិតគូរផងដែរ អំពីលទ្ធភាព រំដោះចរាចរបណ្តោះអាសន្ន មុនពេលគម្រោងនេះ ចាប់ផ្តើមដំណើរការការដ្ឋាន។

សូមបញ្ជាក់ថា៖ ជាគម្រោងរបស់រាជធានីភ្នំពេញ នៅរាជធានីភ្នំពេញ នឹងស្ពានអាកាសអាកាស២កន្លែងទៀត ដោយទី១មានទីតាំងនៅរង្វង់ចោមចៅ ស្ថិតនៅក្នុងសង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ និងមួយកន្លែងនៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ផ្លូវ៦០ម៉ែត្រ (ផ្លូវសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន)កែងនឹងផ្លូវ២៧១ ជាប់ព្រំប្រទល់ខណ្ឌចំការមននិងខណ្ឌមានជ័យ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍ បានដោយសុវត្ថិភាព និងមិនមានការកកស្ទះចរាចរណ៍ ៕ សំរិត


ចែករំលែក៖