ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចាប់កាត់សក់ក្មេងទំនើង៣នាក់ពេលចូលអុកឡុកសាលារៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ៣ បានចាប់ខ្លួនក្មេងទំនើង៣នាក់ដែលទុកសក់វែងនិង ក្នុង ខណៈដែលពួកគេ ចូលទៅធ្វើសកម្មភាពអុកឡុករំខានសិស្សនាក្នុងវិទ្យាល័យហ៊ុន សែន ជម្ពូវ័នដែលកំពុងរៀនសូត្រ បង្កឲ្យសិស្សមានការភ័យខ្លាច បន្ទាប់មកបាននាំទៅសាកសួរ និងអប់រំ ព្រមទាំងកាត់សក់ខ្វែងជាសញ្ញាជើងក្អែក ដើម្បីឲ្យមានការរាងចាល បន្ទាប់មកបានធ្វើកិច្ចសន្យារួចរាល់ និងឲ្យអាណាព្យាបាល ទៅ ធានាត្រឹមត្រូវ រួចទើបដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ។

ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងវិទ្យាល័យហ៊ុន សែន ជម្ពូវ័ន ស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្មេងទំនើងដែលត្រូវនគរបាលចាប់ខ្លួននោះ ១,ឈ្មោះ ឈុន វីរៈជែម អាយុ១៥ឆ្នាំ ២,ឈ្មោះ លឹម រតនា អាយុ១៥ឆ្នាំ ៣,ឈ្មោះ ថៃ សៀង អាយុ១៦ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

នគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងទំនើងខាងលើនោះ បានចូលទៅធ្វើសកម្មភាពអុកឡុកវិទ្យាល័យខាងលើ រំខានសិស្សដែលកំពុងរៀន ប៉ុន្តែត្រូវបានលោកបង្រៀននៅទីនោះ ខលប្រាប់នគរបាលប៉ុស្ដិ៍ចោមចៅឲ្យជួយអន្តរាគន៏ចាប់ខ្លួននាំ ទៅកាន់ប៉ុស្តិ៍ អប់រំ និងកិច្ចសន្យា បន្ទាប់មកបានកាត់សក់ពួកគេពុះជាសញ្ញាលេខបូក ដើម្បីឲ្យរាងចាល ថ្ងៃក្រោយឈប់ដើរអុកឡុកតាមសាលាបន្តទៀត។ ក្រោយមកបានហៅឲ្យអណាព្យាបាលរបស់ពួកគេ ទៅធានាត្រឹមត្រូវ ដើម្បីនាំពួកគេត្រឡប់ទៅផ្ទះវិញ៕ សុខាសែនជ័យ


ចែករំលែក៖