ភ្នំពេញ៖ ក្រុមជនដៃស្អិតមួយក្រុមដែលតែងតែធ្វើសកម្មភាពឆក់កាបូប ឬទូរស័ព្ទប្រជាពលរដ្ឋតាមផ្លូវសារធារណៈនោះឥឡូវភ្លាត់ស្នៀតឆក់កាបូបពីស្ត្រីម្នាក់បាន ហើយតែរត់មិនត្រូវពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចបាន៤នាក់កាលពីម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ តាមដងផ្លូវ ឧញ្ញាម៉ុងឫទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ តាមនគរបាលបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលស្រ្តីរងគ្រោះ២នាក់កំពុងជិះម៉ូតូតាមផ្លូវ១០០៣ ក្នុងទិសដៅពីត្បូវទៅជើង ដោយធ្វើដំណើរឌុបគ្នាដោយជិះម៉ូតូ១គ្រឿងម៉ាក់ហ្វីណូ លុះមកដល់ចំណុចកែងនឹងផ្លូវឧញ្ញាម៉ុងឬទ្ធី ក៏ស្រាប់តែមានជនសង្ស័យ១ក្រុម មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ១គ្រឿងម៉ាកឃ្លីក និង១គ្រឿងទៀតម៉ាកហុងដា សេ១២៥ តាមពីក្រោយ មកដល់ទន្ទឹម រួចធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីជនរងគ្រោះ បានសម្រេចហើយ ជនសង្ស័យនាំគ្នាព្យាយាមបើកម៉ូតូរត់គេចខ្លូន តាមផ្លូវឧកញ្ញាម៉ុងឬទ្ធី ចូលក្នុងបុរីពិភពថ្មី ត្រូវបានជនរងគ្រោះ ជិះដេញតាមបណ្តើរស្រែកចោរបណ្តើរ ផ្អើលអ្នកដំណើរតាមផ្លូវ និងសន្តិសុខ យាមប្រចាំនៅបុរីនោះ ជួយអន្តរាគមន៍ ដេញតាមជួយស្ទាក់ចាប់៤នាក់ និងម៉ូតូ២គ្រឿង រួចប្រគល់ឲ្យសមត្ថកិច្ច។
នគរបាលប្រាប់ថា ជនសង្ស័យទាំង៤នាក់នោះ ១ ឈ្មោះ គង់ ចាន់បញ្ញាសិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១៧៣ ផ្លូវ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ, ២ ឈ្មោះ សៀ វណ្ណះ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិដើមខ្វិត សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ, ៣ ឈ្មោះ ហេង ស៊ាវម៉ូ ភេទប្រុសអាយុ ១៤ឆ្នាំ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ(អ្នកឆក់) និង៤ ឈ្មោះ ទិត្យ ចាន់តារា ភេទប្រុស អាយុ ១៤ឆ្នាំ ស្នាក់នៅភូមិទួលសង្កែសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ។
ចំណែកជនរងគ្រោះមានឈ្មោះ សោម ស៊ីថា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ១៧ផ្លូវ លេខ៣ក្នុងបុរីពិភពថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅក្នុងកាបូបយួរដៃនោះមានលុយជាង១០០ដុល្លារ និងទូរស័ព្ទទំនើប២គ្រឿង ប្រគល់ឥម្ចាស់វិញ។
ក្រោយពីចាប់ខ្លួនបានជនសង្ស័យទាំង៤នាក់នោះភ្លាម នគរបាលបាននាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ភ្នំពេញថ្មី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន ចាត់ការបន្តទៅតាមនីតិវិធី ៕ តុង សីហា