ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើបពាក់ស្លាកលេខ ន.បនិងខ.ម អត់ពន្ធ ត្រូវកម្លាំងគយចល័តបើកប្រតិបត្តិការបន្តបង្រ្កាប នៅភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងគយចល័ត សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងនគរបាលនាយកដ្ឋានតម្រួតបទបញ្ជា ក្រសួងមហាផ្ទៃ បានបន្តបើកប្រតិបត្តិការចាប់រថយន្តស៊េរីទំនើបអត់ពន្ធដែលតែងតែពាក់ស្លាកលេខ ន.ប និង ខ.ម អត់ពន្ធ ជាក់ស្តែងឃាត់រថយន្តស៊េរីទំនើបៗបានចំនួន១២គ្រឿងអត់ពន្ធ នៅតាមគោលដៅ និងទីតាំងខុសៗគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការចុះចាប់រថយន្តខាងលើនេះ បានធ្វើឡើងក្នុងរយះពេល២ថ្ងៃ គឺថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ ដឹកនាំដោយ លោក ព្រាប ការ៉ាត់ មន្ត្រីគយចល័តក្រោមការចង្អុល បង្ហាញពីលោក កើត សុធារ៉ា ប្រធាននាយកដ្ឋាន សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងនគរបាលនាយកដ្ឋានតម្រួតបទបញ្ជា ក្រសួងមហាផ្ទៃ។

យោងតាមមន្ត្រីគយចល័ត បានឲ្យដឹងថា រថយន្តស៊េរីទំនើបៗ ដែលកម្លាំងចម្រុះចាប់បានខាងលើនេះមានរយះពេល២ថ្ងៃ៖ គឺនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយឃាត់រថយន្តមាន៖ Landcruiser 570 ចំនួន២គ្រឿង, Lexus 570 ចំនួន១គ្រឿង, Lexus 450 ចំនួន១គ្រឿង, Tundra ខ.ម ចំនួន១គ្រឿង និង Tundra ស៊ីវិលចំនួន១គ្រឿង។ ចំណែកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ មានការឃាត់ខ្លួន Lexus 350 ចំនួន២គ្រឿង, Camryចំនួន១គ្រឿង, Mercedes ចំនួនគ្រឿង, Venza ចំនួន១គ្រឿង, រថយន្ត Siena ចំនួន១គ្រឿង។

យ៉ាងណាក៏ដោយ យើងសង្កេតឃើញថា ការចាប់បានរថយន្តគេចពន្ធស៊េរីទំនើបនៅតែមានចំនួនដ៏ច្រើនដដែល។ មន្ត្រីគយចល័តដដែលរូបនោះ ធ្លាប់បានបញ្ជាក់ថា ចំណូលនៃការបង់ពន្ធចូលរដ្ឋមានការកើនឡើង ហើយជាពិសេសនឹងធ្វើឲ្យឈ្នួញទាំងឡាយ មានភាពរអារ និងខ្លាចឈប់នាំចូល រថយន្តគេចពន្ធបន្តទៀត ។

មន្រ្តីដដែរ បានបន្តទៀតថា ពាក់ព័ន្ធនឹងសកម្មភាពបង្ក្រាបរថយន្តអត់ពន្ធខាងលើនេះ កម្លាំងគយចល័ត នឹងបន្តធ្វើដូចភ្លៀងរលឹម៕ស តារា


ចែករំលែក៖